(ភ្នំពេញ)៖ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ការ ប្រកួតបាល់ទះ «ខេមបូឌាលីត» លើកទី១ ឆ្នាំ២០១៧ ដែលមានរហ័សនាមថា «The 1st Cambodia Beer Volleyball League 2017» នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នាទីលានបាល់ទះ ខេត្តព្រៃវែង។
លោក បឹង គីមតោ អគ្គលេខា នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងថា ការប្រកួតនេះ ក្នុងគោលបំណងចំរាញ់ និងជ្រើសរើសយកកីឡាករវ័យក្មេង មានសក្តារនុពលសម្រាប់ហ្វឹកហាត់ ដើម្បីឈានទៅចូលរួមការប្រកួតកីឡាSEA GAMES ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាពិសេស គឺផ្សព្វផ្សាយដល់យុវជនឲ្យចូលរួមក្នុងសកម្មភាពកីឡាបាល់ទះ។ ចំពោះការប្រកួតចែកចេញជា៥មណ្ឌល គឺមណ្ឌលខេត្តព្រៃវែង មណ្ឌលខេត្តកំពង់ មណ្ឌលខេត្តព្រះវិហារ មណ្ឌលខេត្តបាត់ដំបង និងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ជាមួយគ្នានោះ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងនូវការ គាំទ្រនូវការរៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ទះនេះឡើង ស្របពេលដែលនាយករដ្ឋមន្រ្តីកម្ពុជា កំពុងតែអភិឌ្ឍលើគ្រប់វិស័យក្នុងនោះ ការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ហើយចាត់ទុកជាទស្សនវិស័យថ្មីមួយទៀត ដែលតម្រូវទិសវិស័យកីឡាជាតិ។
លោកបានបន្តថា «បរិទបនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាពខាងកីឡាបាល់ទះ ឲ្យបានខ្លាំងក្លាថែមទៀតនេះ ខ្ញុំយល់ថា គ្រប់ផ្នែកពាកព័ន្ធទាំងអស់ត្រូវរួបរួមសហការឲ្យបានល្អ និងបង្កើនសកម្មភាពដណ្តើមឈ្នះ ក្នុងគោលបំណងបំផុសចលនាអប់រំកាយ និងកីឡាក្នុងជួរសិស្សានុសិស្ស ឲ្យមានសក្តានុពលគ្របដណ្តបទាំងបរិមាណ និងគុណភាព»។
បន្ថែមពីនេះ លោកស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា សម្រាប់ការប្រកួតនឹងជួបឲ្យប្អូនៗជាកីឡាករ ចេះធ្វើការជាក្រុម និងចេះជួយគ្នាទៅវិញទៅមកជាមិនខាន ព្រមទាំងផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការជួបជុំរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ Soccer League។
លោកថា ឱកាសនៃការលេងកីឡា នឹងផ្តល់ឲ្យយុវជនមកពីអង្គភាព ស្ថាប័នខុសៗគ្នា មុខងារខុសៗគ្នា បង្កើតចំណងមិត្តភាព ដើម្បីឲ្យក្លាយជាបណ្តាញមួយរួបរួមគ្នា ក្នុងបរិយាកាសស្និតស្នាល ចេះអត់អោនគ្នា អាធ្យាស័យ និងគោពរគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះបង្កើតឡើង ក្រោមការផ្ដួចផ្ដើមរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដែលក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា៕