(ព្រៃវែង)៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំអង្គរទ្រេតលោក ហ៊ូ សាគុណ បានថ្លែងថា ការបោះឆ្នោតស្ទាបស្ទង់បេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំអាណត្តិថ្មីនេះ គឺធ្វើឡើងប្រកបដោយតម្លាភាព គណនេយ្យភាព សេរីភាព យុត្តិធម៌ និងសម្ងាត់បំផុត។
នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលអនុវត្តកម្មវិធីនយោបាយអាណត្តិទី៣ (២០១២-២០១៧) និងកំណត់កម្មវិធីនយោបាយសម្រាប់ការអភិវឌ្ឍអាណត្តិទី៤ (២០១៧-២០២២) របស់គណៈកម្មធិការបក្សឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នេះ លោក ហ៊ូ សាគុណ បានបញ្ជាក់ថា ការបោះឆ្នោតនៅពេលនេះ មានបេក្ខភាពឈរឈ្មោះចំនួន ២៤រូប ហើយក៏គ្រាន់តែជាការស្ទាប់ស្ទង់ជ្រើសរើសបេក្ខជន CPP មិនមែនប្រកួតប្រជែងជាមួយគណបក្សដទៃនោះទេ ហើយអង្គបោះឆ្នោតគឺសុទ្ធតែជាតំណាងឲ្យសមាជិក សមាជិកាបក្សទាំងអស់នៅក្នុងឃុំអង្គរទ្រេត ពិសេសការបោះឆ្នោតនេះ ធ្វើឡើងស្របតាមខ្លឹមសារសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងកាលពីពេលកន្លងទៅនេះ។
លោក ហ៊ូ សាគុណ ស្នើឲ្យគណកម្មការពិសេសរាប់សន្លឹកឆ្នោតត្រូវយកចិត្តទុកដាក់ធ្វើការឲ្យបានហ្មត់ចត់ សុក្រឹត យុត្តិធម៌ សម្លាភាព និងសម្ងាត់ភាព ចៀសវាងមានភាពមិនប្រក្រតីកើតឡើងធ្វើឲ្យមានជាបាតុភាពតវ៉ាណាមួយពីបេក្ខជនឈរឈ្មោះ។
លោក យុន ឈុន្នី អនុប្រធានទី១ក្រុមការថ្នាក់ជាតិ ស្រុកស្វាយអន្ទរ បានថ្លែងថា ដើម្បីឲ្យឃុំរបស់យើងមានការរីកចម្រើនបន្តទៀតយើងត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ហើយត្រូវជំរុញឲ្យបងប្អូនកូនក្មួយទៅពិនិត្យបញ្ជីឈ្មោះឆ្នោត ព្រោះថានៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ការបិទបញ្ជីឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់។ ការដែលទៅពិនិត្យបញ្ជីឈ្មោះ គឺដើម្បីឲ្យប្រាកដថា បងប្អូនទាំងអស់មានឈ្មោះត្រឹមត្រូវដែលអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៨។
អនុប្រធានទី១ក្រុមការថ្នាក់ជាតិ ស្រុកស្វាយអន្ទរ បន្តថា នៅបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្សកម្ពុជា បានសម្រេចឈប់យកថ្លៃភាស៊ីពីប្រជាពលរដ្ឋដែលលក់ដូរតាម កញ្ជើ ល្អី នៅទីផ្សារទូទាំងប្រទេស ដែលនេះស្តែងចេញឲ្យឃើញនូវការខិតខំយកចិត្តទុកដាក់គិតគូពីសុខទូករបស់សម្តេចប្រមុខថ្នាក់ដឹកនាំ ហើយនៅឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលនឹងឈប់យកថ្លៃពីការផ្តល់សេវាសាធារណៈដូចជា ការធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជាដើម។
ក្នុងពិធីនេះ លោកប្រធានក្រុមការងារឃុំ បានឧបត្ថម្ភដល់សមាជិក សមាជិកា ចូលរួមជាង ៧០០នាក់ នូវថវិកា ៥ពាន់រៀល នុំប៉័ង ១ដើម និងទឹកសុទ្ធ ១ដបផងដែរ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាឃុំអង្គរទ្រេតមានសមាភាព ៧រូប ស្រី២រូប ក្នុងនោះគណបក្សប្រជាជនមាន៥រូប (១រូបជាប្រធានក្រុមប្រឹក្សាឃុំ) ហើយរយៈពេល៥ឆ្នាំកន្លងមកនេះ បានបម្រើសេវាចុះបញ្ជីកំណើតជូនប្រជាពលរដ្ឋបានចំនួន ៥៣៣នាក់ បញ្ជាក់កំណើតចំនួន ៥៣៦នាក់ អាពាហ៍ពិពាហ៍ចំនួន ២៩៥នាក់ បញ្ជីមរណៈភាពចំនួន ២០៥នាក់ និងបានសម្របសម្រួលដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបានចំនួន ៦៥ករណី។ ប្រជាពលរដ្ឋក្នុងឃុំអង្គរទ្រេតមានភ័ព្វវាសនា ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង បានទទួលថវិកាមូលនិធិមនុស្សធម៌ ស ខេង ផ្តល់ដោយ សម្តេចក្រឡាហោម ស ខេង ជូនស្រ្តីសម្រាលកូន ចំនួន ១០៣នាក់ មានទឹកប្រាក់ចំនួន ១០.៣០០.០០០រៀល និងថវិកាមូលនិធិមនុស្សធម៌ ស ខេង ផ្តល់ដោយលោក ហ៊ូ សាគុណ ប្រធានក្រុមការងារឃុំ និងការងារបានចំនួន ៦៥៣នាក់ មានទឹកប្រាក់ ១៣០.៦០០.០០០រៀល ក្នុងនោះគ្រួសារសពចំនួន ១៦៥នាក់ និងស្រ្តីសម្រាលកូនចំនួន ៤៨៨នាក់ ៕