(កំពង់ធំ)៖ ប្រជាពលរដ្ឋស្ថិត ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណ៣១០០នាក់ បានចូលរួមលឹកខួបអនុស្សាវីយ៍លើកទី៣៨ នៃទិវាជ័យជំនៈ ៧មករា ដោយក្នុងពិធីនោះ ប្រជាពលរដ្ឋនៅតែដឹងគុណ និងបានចាត់ទុកថ្ងៃ៧មករា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសិទ្ធិសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍ សម្រាប់ប្រជាជាតិខ្មែរទាំងអស់ នៅទូទាំងប្រទេស។
ពិធីរំលឹកខួបអនុស្សាវីយ៍លើកទី៣៨ នៃទិវាជ័យជំនៈ៧ មករា ១៩៧៩ -៧ មករា ២០១៧ ធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៧ នេះនៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកស្ទោង សមាជិកសមាជិកាបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ សិស្សកាយរិទ្ធ និងប្រជាពលរដ្ឋបានបញ្ជាក់ថា ខ្លួននៅតែដឹងគុណ និងបានចាត់ទុកថ្ងៃ៧ មករា នៅតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសិទ្ធិសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍន៍។
លោក ជា ចាន់តូ សមាជិកអចិន្រ្តៃយ៍គណៈគណកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោងបានឲ្យដឹងថា ការជួបជុំគ្នាប្រារព្វមីទិ្ទញរំឭកខួបលើកទី ៣៨ នៃទិវាជ័យជំនៈ៧ មករានៅថ្ងៃនេះ គឺមានអត្ថន័យណាស់ ព្រោះជាថ្ងៃដែលឲ្យប្រជាតិ និងប្រជាជនកម្ពុជា គ្រប់រូបបានរស់រានឡើងវិញ ពីរបបរបបប្រល័យពូជសាសន៍ប៉ុល ពត។ ដូចនេះថ្ងៃ៧ មករា ១៩៧៩ គឺជាទិវាជ័យជំនៈប្រវត្តិសាស្ត្រ និងជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា គ្មានថ្ងៃណាបំភ្លេចបានឡើយ។
លោកបានបន្ដទៀថា បើគ្មាន ថ្ងៃ៧មករាទេក៏គ្មានជីវិតថ្មី គ្មានសិទ្ធិ សេរីភាព និងគ្មានការកសាងសង្គមមួយមានសុខ សន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ ។ ឈរលើមូលដ្ឋាននៃជ័យជំនៈថ្ងៃ៧ មករានេះ ហើយបានរុញច្រានកម្ពុជា ឲ្យចេញពីចំណុចសូន្យដែល បន្សល់ទុកពីរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ របស់ខ្មែរក្រហមនោះមកកាន់ កម្ពុជាមួយមានសន្តិភាព និង ការអភិវឌ្ឍ។ ហើយសមិទ្ធផល ដែលទទួលបានដូចថ្ងៃនេះសុទ្ធតែ កើតចេញពីមរតកនៃជ័យជំនៈ ថ្ងៃ ៧ មករា ។
លោកបានបញ្ជាក់ទៀតថាតាមរយៈថ្ងៃ៧ មករានេះ បានបង្កលក្ខណៈឲ្យយើងបានកសាង នូវសមិទ្ធផលជាច្រើនរួមមាន ផ្លូវ ស្ពាន, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធបណ្តាញ អគ្គិសនី, ទឹកស្អាត, ទូរគមនាគមន៍, ការកើនឡើងនូវរោងចក្រ សហគ្រាស, ភ្ញៀវទេសចរ, និង ការបង្កើនការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋធ្វើថែមទៀតផង។
នាឱកាសនោះដែរ លោក ជា ចាន់តូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូង និងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាផងដែរ៕