(ភ្នំពេញ)៖ ​ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរ ទិវាបុណ្យជាតិ៧មករា និងប្រមូលនិធិគាំទ្រសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបិទបញ្ចប់ប្រកប ដោយភាពជោគជ័យ និងផ្លែផ្កាជាទីបំផុត នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ។ ​

ថ្លែងក្នុងពិធីបិទបញ្ចប់ការប្រកួតកីឡាកងយោធពលខេមរភូមិ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្ដាំផ្ញើដល់ថា «បណ្ដាកងឯកភាព នៃយោធពលខេមរភូមិន្ទទាំងអស់ ត្រូវខិតខំរៀបចំថ្នាលបណ្ដុះបណ្ដាលកីឡា រៀបចំកាលវិភាគមួយច្បាស់លាស់ យកចិត្តទុកដាក់ចំពោះគ្រូបង្វិក ថែទាំកីឡាករឲ្យបានល្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា គិលានដ្ឋានប្រកួតកីឡាឲ្យ បានសមស្របសំដៅ លើកស្ទួយជីវភាពកីឡារបស់យើង»

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបន្ថែមថា កងទ័ពត្រូវតែខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការហាត់កីឡា ដើម្បីសុខមាលភាពរឹងមាំ និងបង្កើនបានថាមពលនៃកាយសម្បទា សំដៅបំពេញភារកិច្ចទទួលបានជោគជ័យ ហើយក្រុមកីឡាករទាំងអស់ដែលទទួលបាន​ជ័យលាភី ត្រូវបន្ដខិតខំហ្វិកហាត់បន្ថែមទៀត ដើម្បីរក្សាភាពខ្លាំង ភាពឈ្នះរបស់ខ្លួននៅគ្រប់ពេលប្រកួតនិមួយៗ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ បានលើកទឹកចិត្តដល់ក្រុមកីឡាករ ដែលមិនទទួលបានចំណាត់ថ្នាក់ល្អ ក៏ត្រូវតែបន្ដហ្វឹកហ្វឺនបន្ថែមទៀតដោះពិសោធន៍ នូវចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន ឲ្យក្លាយជាចំណុចខ្លាំងទាំងអស់ ដើម្បីឈានទៅរកជ័យជំនះ។ យ៉ាងណាមិញ កីឡាករ និងគ្រូបង្វិក ទាំងអស់នៃកងយោធពលខេមរភូមិន្ទ និងស៊ីវិល ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហ្វឺន ឲ្យបានពូកែដើម្បីប្រកួតយកមេដាយមាសជូនជាតិ និងស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ ហើយកីឡាករ និងគ្រូបង្វិក ត្រូវតែមានក្ដីសង្ឃឹម និងមហិច្ចតាខ្ពស់ជានិច្ច ផ្ដោតទៅលើគោលដៅមួយដែលនាំឲ្យខ្លួនទទួលបានជោគជ័យ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ នៃបញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាប្រធានគណៈកម្មការរៀបចំ​កីឡាកងយោធពលខេមរភូមិន្ទ ​ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ៖ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-៧ មករា ២០១៧ និងប្រមូលមូលនិធិដើម្បីគាំទ្រសកម្មភាព សមាគមអតីតយុទ្ធជនកម្ពុជា។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានបង្ហាញដល់សាធារណជន និងមហាជន ស្វែងយល់ និងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការចូលរួមថែរក្សាសុខ​សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះទៀត បង្កលក្ខណៈឱ្យមហាជនចូលរួម កាន់តែជិតស្និទ្ធជាមួយនឹងកងទ័ព​៕