(កណ្តាល)៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ បានបើកអង្គសន្និបាតបក្សត្រួតពិនិត្យ វាយតម្លៃលទ្ធផល លើសេចក្តីព្រាងរបាយការណ៍គណបក្ស ក្រោមវត្តមានរបស់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានគណៈពង្រឹងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ លោក អ៊ូ ឈាង ប្រធានគណៈកម្មាធិការបក្សស្រុក និងសមាជិកសមាជិការបក្ស មកពីបណ្តាភូមិទាំងអស់ក្នុងឃុំដីឥដ្ឋ។
សន្និបាតបក្សនេះ ដើម្បីត្រួតពិនិត្យ វាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំ រយៈពេល៥ ឆ្នាំកន្លងមក និងលើកទិសដៅភារកិច្ច ដាក់ចេញនូវកម្មវិធីនយោបាយរបស់ គណៈកម្មាធិការគណបក្សឃុំ សម្រាប់អភិវឌ្ឍន៍ ពីឆ្នាំ២០១៧-២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងថា ដើម្បីធានាបាននូវសុវត្ថិភាព និងរបៀបរៀបរយនៃដំណើរការ សន្និបាតគណៈកម្មាធិការគណបក្សឃុំ សូមឲ្យសមាជិក-សមាជិកាទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវតាមកម្មវិធី និងសេចក្តីប្រកាសផ្សេងៗរបស់សន្និបាត ហើយតាមដានស្តាប់របាយការណ៍ និងមុនពេលអនុម័តបញ្ហាផ្សេងៗ សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងគុណភាព៕