(ភ្នំពេញ)៖ ក្រុមហ៊ុននាំចេញកសិផលរបស់កសិករខ្មែរ នៅខេត្តបាត់ដំបង បានសំណូមពរយ៉ាងទទូចទៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន សូមឲ្យជួយលុបបំបាត់កុងត្រួលជជុះ ដែលកំពុងដាក់បារ៉ាស់ តាមផ្លូវជាតិក្រវ៉ាត់ព្រំដែន ខេត្តបាត់ដំបង ធ្វើឲ្យរំាស្ទះដល់ការនាំចេញផលិតផល និងធ្វើឲ្យកសិផលរបស់ប្រជាកសិករធ្លាក់ថ្លៃយ៉ាងខ្លាំង។
តំណាងក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន Jet Capital Co.,Ltd និងក្រុមហ៊ុន Phang Brother Agriculture Co.,Ltd ដែលជាក្រុមហ៊ុននាំចេញ កសិផលរបស់បងប្អូនខ្មែរ ទៅកាន់ប្រទេសថៃ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះថា សព្វថ្ងៃនេះ ក្រុមហ៊ុននាំចេញកសិផលរបស់កសិករខ្មែរ កំពុងតែជួបបញ្ហាលំបាក ដោយសារតែក្រុមហ៊ុនទទួលបន្ទុកទារភាស៉ីនៅច្រកព្រំដែនភ្នំដី ខេត្តបាត់ដំបង កំពុងដាក់កុងត្រូលជជុះ ប្រមូលលុយខុសច្បាប់ ផ្ទុយនឹងសៀវភៅបន្ទុក ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុពីរថយន្តគ្រប់ប្រភេទដែលឆ្លងកាត់។
តំណាងក្រុមហ៊ុនដដែលបានបញ្ជាក់ថា ក្នុងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច បានកំណត់ឲ្យក្រុមហ៊ុនប្រមូលភាស៉ីតែរថយន្តដឹកទំនិញ ចេញចូលតាមមាត់ច្រកភ្នំដី ឬផ្ទេរទំនិញ ក្នុងបរិវេណបេនរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុន បង្កើតក្រុមការងារ ដាក់ប៉ុស្តិ៍យាមឃាត់រថយន្តដឹក កសិផលយ៉ាងតិចក្នុង១រថយន្ត ៣ម៉ឺនរៀល ឬលើសពីនេះ ចំងាយប្រមាណជា៩គីឡូម៉ែត្រ ពីមាត់ច្រកព្រំដែនភ្នំដី។
តំណាងក្រុមហ៊ុនខាងលើ បានលើកឡើងថា នៅពេលសួរអ្នកដាក់កុងត្រូលជជុះ តាមយកលុយនោះថា តើមានច្បាប់ឯណាឲ្យកាក់រថយន្តដឹកកសិផល យ៉ាងដូច្នេះ ពួកគេនិយាយថា ពួកគេធ្វើតែអីចឹង! ហើយបើមិនបង់លុយឲ្យទេ ពួកគេឃាត់រថយន្តដឹកកសិផលមិនឲ្យដឹកចេញបានទេ។
ក្នុងសៀវភៅបន្ទុក របស់ក្រសួងសេដ្ឋកិច្ច បានកំណត់អោយក្រុមហ៊ុនម៉ៅការចំណតភាស៉ី មានសិទ្ធិយកលុយពីរថយន្តដែល ដឹកទំនិញឆ្លងកាត់ ផ្ទេរ និងចេញចូលតាមច្រកទ្វារភ្នំដីប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នរថយន្តដែលដឹក កសិផលលើផ្លូវសាធារណៈរបស់រដ្ឋ គ្រាន់តែបើកឆ្លងកាត់យកទៅលក់ នៅតំបន់ផ្សេងទៀត ដូចជាតំបន់ម៉ាឡៃ ក៏ត្រូវក្រុមហ៊ុននោះដាក់ប៉ារ៉ាស់ របៀបកុងត្រូលជជុះនោះស្ទាក់ ទារលុយឆ្លងកាត់ ក្នុង១រថយន្ត ចំនួន៣ម៉ឺនរៀលឲ្យខានតែបានដែរ ទោះជាគេមិនបានឆ្លងកាត់មាត់ ច្រករបស់ខ្លួន ឬសាងទំនិញ ក្នុងបរិវេណបេនរបស់ខ្លួនក៏ដោយ គេប្រើវិធីកាក់ឃាត់ ពីមុខរថយន្តមិនឲ្យទៅ បើមិនបង់លុយឲ្យគ្រប់ចំនួន៣ម៉ឺនរៀល។
ក្រុមហ៊ុននាំចេញបានលើកឡើងទៀតថា ដោយសារកត្តារួមផ្សំទាំងអស់នេះហើយ ដែលធ្វើឲ្យចំណាយរបស់អ្នកនាំចេញកើនឡើង ហើយតំលៃកសិផល របស់ប្រជាពលរដ្ឋមិនអាចងើបរួច ប្រជាពលរដ្ឋ នាំកសិផលចេញ និងប្រតិបត្តិករ ក្រុមហ៊ុនដែលនាំចេញកសិផល សូមសំណូមពរ ដល់លោក អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច ពិសេសសម្តេចតេជោ ហ៊ុន សែន មេត្តា ជួយអន្តាគមន៍ដល់ម្ចាស់ក្រុមហ៊ុន ដែលមានសិទ្ធិទទួលគ្រប់គ្រងចំណតភាស៉ីខាងលើ យកប្រាក់តែក្បាលឡានដឹកទំនិញ ចេញចូលតាមមាត់ច្រកភ្នំដី របស់ខ្លួនបានហើយ សូមកុំយកប្រាក់ពីរថយន្តដែលរត់ឆ្លងកាត់ លើផ្លូវសាធារណៈនោះអី ដោយគោរពតាមគោលការណ៍ក្នុងសៀវភៅបន្ទុក ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ជាពិសេសជាងនេះ ក្រុមហ៊ុននាំចេញ និងប្រជាពលរដ្ឋ សូមគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន បានមេត្តាជួយអន្តរាគមន៍ដល់ម្ចាស់ចំណតភាស៉ីខាងលើ មេត្តាបន្ធូរបន្ថយ ដល់រថយន្តដែលចូលមកដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋ មកត្រឹមមួយឡានសណ្តោងតែ៥ពាន់រៀលបានហើយ ឬមិនបាច់យកលុយ តែម្តងព្រោះបើគេចំណាយច្រើន ក៏គេទំលាក់ថ្លៃកសិផលរបស់ប្រជាជនខ្មែរយើងផងដែរ គួបផ្សំនិងពេលនេះ ស្ថានភាពទីផ្សារកសិផលមិនសូវល្អស្រាប់ផង។ ហើយប្រសិនជាអាចក្រុមហ៊ុននាំចេញកសិផលទាំងសុខចិត្ត ចេញលុយថ្លៃប្រមូលភាស៉ី ក្នុង១ឆ្នាំ៣០លានរៀលជូនរដ្ឋ ដើម្បីឲ្យរថយន្តដឹកកសិផលអាចចេញចូលដឹកកសិផលបានដោយស្រួល និងជួយដល់កសិករខ្មែរផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុននាំចេញ និងប្រជាពលរដ្ឋ ស្ថិតនៅតាមព្រំដែនមានសង្ឃឹមយ៉ាងមុតមាំថា និងទទួលបានការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីជួយកសិករខ្មែរមានក្តីសង្ឃឹមក្នុងការកសិកម្មដូចនឹងការលើកឡើងថា៖ «ទីណាមានសម្តេចតេជោ ហ៊ុន សែន ទីនោះកសិផលមានសង្ឃឹម»៕