វាយប្រហារបំផ្ទុះរថយន្ដបង្កៃគ្រាប់បែកដ៏ខ្លាំងក្លាមួយសម្លាប់មនុស្ស១២នាក់ និងរបួសជាង៥០នាក់ នៅប្រទេសអ៉ីរ៉ាក់
08-01-2017 14:17
(បាដាត)៖ ប៉ូលិសអ៉ីរ៉ាក់ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់១២នាក់ បានស្លាប់ និង៥០នាក់ផ្សេងទៀត បានរងរបួសនៅក្នុង ការវាយប្រហារបំផ្ទុះរថយន្ដបង្កៃគ្រាប់បែក ដ៏សាហាវមួយនៅឯផ្សារមួយកន្លែង ដែលសម្បូរទៅដោយអ្នកកាន់ សាសនាអ៉ីស្លាមនិកាយស៊ីអ៉ីត ស្ថិតភាគខាងកើត នៃរដ្ឋធានីបាដាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៦។
ការវាយប្រហារនេះ បានកើតឡើងនៅក្នុងតំបន់អ្នកកាន់សាសនាអ៉ីស្លាមនិកាយស៊ីអ៉ីតភាគច្រើន រស់នៅក្នុងស្រុក Jamila ហើយភ្លាមៗនោះដែរ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ ក៏ប៉ុន្តែគេដឹងថា ក្រុមសកម្មប្រយុទ្ធ ISIS តែងតែដឹកនាំការវាយប្រហាររបៀបនេះ នៅក្នុងប្រទេសអ៉ីរ៉ាក់ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ជាពិសេសគឺអ្នកកាន់និកាយស៊ីអ៉ីត៕