Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីសិង្ហបុរី បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជា ដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ (Video inside)

08-01-2017 13:07

(ភ្នំពេញ)៖ លោកបណ្ឌិត តូនី តាន់ កេងយ៉ា (Tony Tan Keng Yam, President of Singapore) ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី នៅម៉ោង១៖០៦នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែមករានេះ បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាហើយ ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងដំណើរទស្សនកិច្ចនោះ លោកបណ្ឌិត តូនី តាន់ កេងយ៉ា នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ក្រៅពីនោះ ប្រធានាធបិតី នឹងជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយប្រមុខរាជរដ្ឋាភិបាលទាំង២ ក៏នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ (MOU) មួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវកម្ពុជា ជាមួយនឹង វិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី ព្រមទាំងពិធីចុះហត្ថលេខា លើអនុស្សារណៈរវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng របស់ប្រទេសសិង្ហបុរីផងដែរ៕