(សៀមរាប)៖ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ បានប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សចំនួន ៣១នាក់ នៃសាខាបក្ស ក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។
ជាមួយគ្នានោះ ក៏មានការផ្សព្វផ្សាយខ្លឹមសារ និងលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤០ អាណត្តិទី៥ និងផ្សព្វផ្សាយខ្លឹមសារទិវាជ័យជម្នះ៧មករា ផងដែរ ហើយក៏មានវត្តមានចូលរួមរបស់ លោក គឹម ប៉ុណ្ណា ប្រធានសាខាគណបក្សនៃមន្ទីរសាធារណការខេត្តសៀមរាប និងជាសមាជិក-សមាជិការគណបក្ស ជាង១០០នាក់ នៅស្នាក់ការកណ្ដាលគណបក្សខេត្តសៀមរាប។
លោក នូ ផល្លា បានផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់គណបក្សប្រជាជនកម្ពុជា។ ចំណែកតំណាងសមាជិកថ្មីទាំង៣១នាក់នោះ ក៏បានឡើងធ្វើការប្ដេជ្ញាចិត្ត ក្នុងការចូលរួមជាសមាជិករបស់គណបក្ស ផងដែរ។
លោក នូ ផល្លា និងសមាជិកបក្សចាស់-ថ្មី ក៏បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពរបស់ លោក កៅ សោភ័ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានទើបតែទទួលមរណភាព នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅ៕