(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារចុះជួយស្រុកញញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្ត ព្រៃវែង បានលើកឡើងនៅក្នុងសន្និបាត បូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តឆ្នាំ២០១៧-២០២២ របស់ គណៈកម្មាធិការឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះថា ការជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ក្នុងអណត្តិទី៤ គឺជាការងារមួយដ៏មានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការជ្រើសរើស យកតំណាងដែលខ្លួនពេញចិត្ត គឺការជ្រើសរើសដោយខ្លួនឯង និងបោះឆ្នោតដោយខ្លួនឯង ដើម្បីជ្រើសរើសយកមេដឹកនាំ នៅក្នុងឃុំរបស់ខ្លួន ជាមេដឹកនាំដែលមានសមត្ថភាព អាចផ្តល់ការជឿទុកចិត្តបាន ក្នុងការជម្រុញផ្តល់សេវាមកឲ្យយើង វិញ ។
ប្រធានក្រុមការងារ បានលើកឡើងបន្តទៀតថា ដើម្បីស្ទាបស្ទង់មើលពីសមត្ថភាព និងលទ្ធភាពជាមុន ក្រុមគណៈកម្មាធិការគណបក្ស បានរៀបចំការបោះឆ្នោត ស្ទាបស្ទង់បេក្ខជន ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើស ជាក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៤ ដោយមានគោលបំណងពិនិត្យមើលប្រជាប្រិយភាពរបស់បេក្ខជនម្នាក់ៗ សំដៅធ្វើឲ្យ ការរៀបចំបញ្ជីបេក្ខជនតាមលំដាប់លេខរៀង ឲ្យមានប្រសិទ្ធក្នុងការប្រកួតប្រជែង នៅក្នុងថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ។
លោក វង សូត មានប្រសាសន៍បន្តទៀតថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃខាងមុខនេះ គឺជាការ បោះឆ្នោតដោយសេរី គ្មានអ្នកណាចាប់បង្ខំ ឬជម្រុញការ បោះឆ្នោតឲ្យបុគ្គលណាមួយនោះឡើយ ពោលគឺប្រជាពលរដ្ឋ មានសិទ្ធជ្រើសរើសយកបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខ្លួនពេញចិត្ត ដើម្បីជម្រុញបម្រើសេវា នៅក្នុងមូលដ្ឋានរបស់ ខ្លួន និងការសម្លឹងមើលអំពីជំហានរីកចម្រើននៃការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ព្រោះប្រសិនបើមានការជ្រើសរើសខុស នឹងមិនគិតគូដល់ការអភិវឌ្ឍន៍នោះទេ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នឹងជួបនូវបញ្ហាជាមិនខាន ។
នៅក្នុងពិធីនេះដែរ លោក វង សូត ក៏បានរំលឹកពីទិវាជ័យជន្នះ ៧ មករា (៧មករា ១៩៧៩ - ៧ មករា ២០១៧) ដែលលោក ចាត់ទុកជាថ្ងៃមួយដែលកម្ពុជា ចាករួចផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសចង់ចាំមិនភ្លេច ពីការកាត់ផ្តាច់នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងការបង្ខំឱ្យ ប្រជាពលរដ្ឋធ្វើការហួសកម្លាំង ការហូបចុកមិនគ្រប់គ្រាន់ ជាពិសេសការកាប់សម្លាប់យ៉ាងរង្គាលជាដើម ។ ពាក់ព័ន្ធបញ្ហា នេះទើបបណ្ដាលឱ្យអ្នកស្នេហាជាតិ របស់ គណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់ បានប្រមូលផ្ដុំ ជាកម្លាំងមហាសាមគ្គីមួយ បង្កើតបានជារណសិរ្ស ២ ធ្នូ ១៩៧៨ ដើម្បីផ្ដួលរំលរបប ប៉ុល ពត នេះផងដែរ ។
ប្រធានក្រុមការងារ បានលើកឡើងបន្តថា ក្រោយពីថ្ងៃដែលយើងទទួលបានជោគជ័យ ថ្ងៃ៧ខែមករា កម្ពុជាបានអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ន កម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ កាន់តែល្អប្រសើរ ក្នុងនោះជំហាននៃការអភិវឌ្ឍសង្គម បានរីកដុះដាល់នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដែលទាមទារឲ្យបងប្អូន ត្រូវចង់ចាំ និងជួយថែរក្សានូវសន្តិភាព និងការអភិវឌ្ឍដែលមានមកដល់បច្ចុប្បន្នផងដែរ ៕