(ត្បូងឃ្មុំ)៖ គណបក្សប្រជាជនកម្ពុជា រួមនិងប្រជាពលរដ្ឋស្រុកតំបែរ ខេត្តត្បូងឃ្មុំជាង ៧០០នាក់ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នេះ បានរួមគ្នាប្រារព្ធពិធីអបអរសាទរ និងរំលឹកគុណថ្ងៃជ័យជម្នះ ៧មករា ដែលបានជួយរំដោះឲ្យពួកគេបានរស់រានមានជីវិតជាថ្មី រួចផុតពីការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។

លោក វេង សាខុន ប្រធានគណៈពង្រឹងអចិន្រ្តៃយ៍របស់គណបក្សប្រជាជនកម្ពុជាប្រចាំស្រុកតំបែរ បានថ្លែងក្នុងពិធីនោះថា ថ្ងៃ ៧មករា កាលពី ៣៨ឆ្នាំមុន គឺជាថ្ងៃដែលកម្ពុជា បានបើកទំព័រសករាជថ្មីក្នុងការឆ្ពោះមកវិថី នៃការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។ លោក វេង សាខុន បានបន្តថា ៧មករា ក៏ជាថ្ងៃដែលបានរំដោះយកជីវិតប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីក្រញាប់បិសាចដ៏សែនឃោរឃៅរបស់បនប្រល័យពូជសាសន៍។

លោក វេង សាខុន ដែលកំពុងគ្រងតំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងរាជរដ្ឋាភិបាលផងដែរនោះ បានគូសបញ្ជាក់ថា «ការរំលឹកឡើង នៃទិវាជ័យជម្នះ៧មករា គឺជាការដាស់តឿនដល់កូនចៅគ្រប់ៗរូប និងគ្រប់ជំនាន់ ក៏ដូចជាយុវជន ដែលទើបនឹងកើតនៅក្រោយថៃ្ងជ័យជម្នះ ៧ មករា ឱ្យចងចាំជានិច្ចមិនអាចបំភ្លេចបាននូវសោកនាដកម្មនៃគ្រោះមហន្តរាយ ប្រល័យពូជសាសន៍ ដ៏មហាព្រៃផ្សៃមកលើប្រជាជនកម្ពុជាពីឆ្នាំ១៩៧៥-១៩៧៩»។

លោក វេង សាខុន បានបញ្ជាក់ទៀតថា «នេះគឺជាការបញ្ចប់សម័យកាលដ៏ខ្មៅងងឹត ហើយបង្កើតឡើងទំព័រសករាជថ្មី ដែលពីមុនកម្ពុជា ជាវាលពិឃាតជាតំបន់អសន្តិសុខជាចម្ការមីន ហើយតែងតែប្រើប្រាស់អាវុធ ដើម្បីដណ្តើមអំណាចគ្នា និងប្រទេសទទួលរងការហ៊ំព័ទ្ធ និងឯកកោខាងសេដ្ឋកិច្ច និងនយោបាយ តែឥឡូវបានប្រែក្លាយជា ប្រទេសមានសុខសន្តិភាពជាតំបន់ទេសចរណ៍ ជាប្រទេសគោរពយ៉ាងខ្ជាប់ខ្ជួនគោលការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងកំពុងសមាហរណកម្មខ្លួនទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក»

លោក វេង សាខុន ក៏បានលើកឡើងពីភាពរីកចម្រើន និងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។ លោក វេង សាខុន បានថ្លែងថា កម្ពុជាកំពុងបោះជំហ៊ានអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ធ្វើឲ្យជីវភាពរស់នៅប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់ដោយឈរលើមូលដ្ឋានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ដែលការរំពឹងទុកអតិផរណារក្សាបានក្នុងកម្រិតទាបជាង ៥ភាគរយ កំណើនសេដ្ឋកិច្ចសម្រេចបានក្នុងរង្វង់ ៧ភាគរយ។ ក្នុងនោះវិស័យឧស្សាហកម្មមានកំណើន ១១,៤ភាគរយ សេវាកម្មមានកំណើន ៦,៧ភាគរយ និង វិស័យកសិកម្មមានកំណើនល្អជាងឆ្នាំមុន។

លោក វេង សាខុន ក៏បានបញ្ជាក់ផងដែរពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ដែលធ្លាប់រងគ្រោះដោយភ្លើងសង្រ្គាមមួយនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត ដូចបណ្តាប្រទេសជឿនលឿនក្នុងពិភពលោក។

ក្នុងពិធីអបអរសាទរថ្ងៃបរាជ័យ នៃរបបឃោរឃៅរបស់ ប៉ុល ពត លោក វេង សាខុន ក៏បានតាស់តឿនឲ្យប្រជាពលរដ្ឋត្រូវចេះរួបរួមសាម គ្គីថែរក្សានូវសុខសន្តិភាព ហើយត្រូវប្តេជ្ញាទប់ទល់ឲ្យបាននូវការប៉ុនប៉ងនាំមកវិញនូវភ្លើងសង្រ្គាម និងរបបកាប់សម្លាប់ដ៏ព្រៃផ្សៃ ដូចរបបប៉ុល ពត៕