(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានព្រះសង្ឃ១អង្គ បានសុគតភ្លាមៗនៅនឹងកន្លែង និង៤អង្គ/នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយម៉ូតូ Honda Dream ១គ្រឿង បានបើកក្នុងល្បឿនលឿន ដីហុយមើលមិនឃើញ ក៏ទៅបុកពីក្រោយគោយន្តកន្ត្រៃដែលចតទុកចោលនៅលើផ្លូវ ពេញមួយទំហឹង លើកំណាត់ផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ បង្កដោយម៉ូតូ Honda Dream c125 ១គ្រឿង ពាក់ស្លាកលេខ 1C-7334 ឌុបព្រះសង្ឃ២អង្គខាងក្រោយ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ហៃ ហ៊ុន អាយុ៣៣ឆ្នាំ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ (របួសធ្ងន់)។
លុះដល់ចំណុចកើតហេតុខាងលើ ខណៈដីហុយមើលមិនឃើញ ម៉ូតូបានបុកពីក្រោយគោយន្តកន្ត្រៃដឹកបង្គោលរបង ដែលបែកកង់ចតទុកចោលពេញមួយទំហឹង បណ្តាលឲ្យព្រះសង្ឃដែលរួមដំណើរជាមួយម៉ូតូ ព្រះនាម គា ភក្តី ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តកោះអណ្តែត ក្នុងភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ (សុគតភ្លាមៗនៅនឹងកន្លែងកើតហេតុ) និងព្រះសង្ឃព្រះនាម ឈឿន ហើម ព្រះជន្ម១៥ព្រះវស្សា គង់នៅវត្តកោះអណ្តែតដូចគ្នា (របួសធ្ងន់)។
ក្នុងហេតុការណ៍នោះ ខាងភាគីគោយន្ត ឈ្មោះ កែ ណាម អាយុ៤៤ឆ្នាំ ជាម្ចាស់គោយន្ត (របួសស្រាល) និងឈ្មោះ គុន ណាក់ អាយុ២៨ឆ្នាំ ជាកូន (របួសស្រាល) អ្នកទាំងពីររស់នៅភូមិត្រពាំងព្រីង ឃុំស្វាយជប់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន វត្ថុតាងម៉ូតូ និងគោយន្ត ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំពោះព្រះសពព្រះសង្ឃ ត្រូវបានបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕