(កណ្ដាល)៖ គម្រោងលំនៅឋានសាធារណៈ មានតម្លៃសមរម្យ សម្រាប់គ្រួសារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ ជនពិការ និងប្រជាពលរដ្ឋ មានប្រាក់ចំណូលមធ្យម និងទាប ក្រោមទុនវិនិយោគប្រមាណ៦០លានដុល្លារ នឹងប្រកាសបើកលក់នៅខែកុម្ភៈនេះហើយ ដែលការិយាល័យលក់ ទីតាំងនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមបណ្ដោយផ្លូវជាតិលេខ២ ហើយនឹងបើកលក់-ទទួលពាក្យស្នើសុំទិញលំនៅឋាន និងប្រកាសបើកលក់ជាសាធារណៈ ក្នុងរយៈពេល២ទៅ៣ខែ ខាងមុខ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia លោកឧកញ៉ា សៀ រិទ្ធី បានថ្លែងក្នុងពិធីបញ្ចុះបឋមសិលា បើកដ្ឋានសាងសង់ លំនៅឋាននេះថា គម្រោងទី១ នៃលំនៅឋានសាធារណៈមានតម្លៃសមរម្យ ស្ថិតនៅឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ៨គីឡូម៉ែត្រពីក្រុងតាខ្មៅលើទំហំដីសរុប២៤ហិកតា ដែលបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០៧ មករានេះ នឹងបញ្ចប់ជាសា្ថពរ នៅចុងឆ្នាំ២០១៨។
លោកឧកញ៉ាបន្ដថា លក្ខខណ្ឌនៃការលំនៅឋានសាធារណៈនេះ មានចំនួន២,២៩៧ល្វែង គឺប្រជាជនយើងអាចទិញបានទាំងអស់ ប៉ុន្ដែត្រូវមានចំណូលទាប និងមធ្យម គឺក្រោម៥០០ដុល្លារ និងសម្រាប់តែបុគ្គលណា ដែលមានគ្រួសាររួចហើយ ដើម្បីឲ្យពួកគាត់មានលំនៅឋានសមរម្យយ៉ាងស្រស់ស្អាត ក្នុងតម្លៃសមរម្យបំផុត ចាប់ពី២-៣ម៉ឺនដុល្លារឡើងទៅ ហើយមិនអនុញ្ញាតឲ្យអ្នកមានលុយទិញទុក សម្រាប់ធ្វើអាជីវកម្មនោះឡើយ ដូច្នេះរាល់ការទទួលទិញនិងកក់ ក្រុមហ៊ុន និងក្រសួងដែនដី ជាអ្នកពិនិត្យដោយផ្ទាល់ ហើយបើអ្នកដែលទិញហើយមិននៅ ក៏គាត់មិនអាចយកទៅជួល និងលក់បន្ដដែរ លុះត្រាតែ៥ឆ្នាំក្រោយ ទើបអាចជួល និងលក់បន្ដបាន។
លោកបន្ដទៀតថា «ចំពោះប្រាក់កក់លំនៅឋានវិញ គឺយើងនឹងព្យាយាមធ្វើយ៉ាងឲ្យតម្លៃកក់មុននេះ មានតម្លៃទាប តែក្នុងចំនួនណាមួយ យើងមិនទាន់បង្ហើបនោះទេ ប្រហែលជា២សប្ដាហ៍ទៀត យើងនឹងប្រកាស ចំណែកឯការប្រាក់ ក្រុមហ៊ុននឹងពិភាក្សាជាមួយនិងធនាគារឯកជនផ្សេងៗ ដើម្បីបន្ទៀបការប្រាក់ និងឲ្យការប្រាក់បង់នោះ មានតម្លៃទាប» ។
ព្រមជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្ម បានស្នើឲ្យម្ចាស់គម្រោងលំនៅឋានសាធារណៈ លោកឧកញ៉ា សៀ រិទ្ធី ជួយពន្លឿនការសាងសង់ លំនៅឋាន និងផ្ដល់ភាពងាយស្រួល ក្នុងការបង់រំលោះ កុំឲ្យលើសពី៨០ដុល្លារក្នុងមួយខែ ដោយបង់ក្នុងរយៈពេលតែ២០ឆ្នាំ នឹងក្លាយជាផ្ទះខ្លួនឯងផ្ទាល់ ដែលវាប្រហាក់ប្រហែលនឹងការជួលផ្ទះគេដែរ ដោយចំណាយក្នុងមួយខែអស់ថវិកា ពី៨០-៩០ដុល្លារដូចគ្នា។
គួររម្លឹកថា ចំនួនផ្ទះដែលត្រូវធ្វើការសាងសង់នោះ មានចំនួន ២,២៩៧ល្វែង ចែកជាពីរប្រភេទ៖
*ផ្ទះប្រភេទទី១ ចំនួន២០២៥ខ្នង៖ ទំហំដី ៤ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ ៤ម៉ែត្រ គុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេងពីរ បន្ទប់ទឹក១
* ផ្ទះប្រភេទទី២ចំនួន២៧២ខ្នង៖ ទំហំដី ៦ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ៦ម៉ែត្រគុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង៣ និងបន្ទប់ទឹក៣
* លំហរមុខផ្ទះ ១.៥ម៉ែត្រ និងលំហរក្រោយផ្ទះ ២ម៉ែត្រ
គម្រោងលំនៅឋានសាធារណៈនេះ គឺជាតំបន់លំនៅឋានមានលក្ខណៈជាសហគមន៍ ដែលមានទាំងផ្សារ ហាងទំនិញ គ្លីនិច សាលារៀន សួនច្បារ ទីធ្លាសាធារណៈ និងការិយាល័យរដ្ឋបាលសាធារណៈ នៅក្នុងគម្រោងនេះផងដែរ។ ហើយសម្រាប់គម្រោងលំនៅឋានសាធារណៈនេះ នឹងមានជាបន្ដបន្ទាប់ទៀត ដែលនឹងសាងសង់ឡើងនៅជុំវិញទីក្រុងភ្នំពេញតែម្ដង។
ព័ត៌មានការិយាល័យសម្រាប់ទិិញ និងកក់ តាមរយៈទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/០៧០ ៩០៦ ៣៣៣ និង០៧០ ៩០៧ ៣៣៣៕