(ភ្នំពេញ)៖ ការប្រកួតកីឡាកងយោធិពលខេមរភូមិន្ទ ដើម្បីអបអរសាទរ ទិវាបុណ្យជាតិ៧មករា និងប្រមូលនិធិគាំទ្រសមាគមអតីតយុទ្ធជនកម្ពុជា ចាប់ផ្ដើមដំណើរការហើយ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ។
ការបើកការប្រកួតកីឡានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ នៃបញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាប្រធានគណៈកម្មការរៀបចំកីឡាកងយោធិពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់ជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានរៀបចំឡើងក្នុង
គោលបំណងសំខាន់ៗ៖ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-៧ មករា ២០១៧ និងប្រមូលមូលនិធិដើម្បីគាំទ្រសកម្មភាព សមាគមអតីតយុទ្ធជនកម្ពុជា។
លើសពីនេះព្រឹត្តិការណ៍នេះ នឹងបង្ហាញដល់សាធារណជន និងមហាជន ស្វែងយល់ និងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះទៀត បង្កលក្ខណៈឱ្យមហាជនចូលរួម កាន់តែជិតស្និទ្ធជាមួយនឹងកងទ័ព។ ជាមួយគ្នានោះ សូមឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចូលរួមយ៉ាងច្រើន នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ៕