(វ៉ាស៊ីនតោន)៖ អាកាសយានដ្ឋាន Florida's Fort Lauderdale International Airport បានបើកដំណើរការជាផ្លូវការវិញហើយ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ជាអតីតយោធាអាមេរិក ធ្លាប់បានចូលរួមនៅក្នុងសង្រ្គាមអ៊ីរ៉ាក់ បានបាញ់សម្លាប់មនុស្ស ០៥នាក់ ខណៈមនុស្ស០៨នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃសុក្រ កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។
អាកាសយានដ្ឋាន Fort Lauderdale បានបើកទ្វារឡើងវិញ នៅម៉ោង៥៖០០នាទីព្រឹក ថ្ងៃសៅរ៍ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) សម្រាប់ ជើងហោះហើរពាណិជ្ជកម្ម ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក៏បានស្នើឱ្យអ្នកដំណើរទាំងអស់ត្រួតពិនិត្យ និងបញ្ជាក់ជាមួយ ក្រុមហ៊ុនអាកាសចរណ៍ របស់ពួកគេជាមុនផងដែរ។ យោងតាម ប៉ូលិសអាមេរិក ខ្មាន់កាំភ្លើងខាងលើមានឈ្មោះថា Esteban Santiago អាយុ២៦ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ដោយគ្មានការបាញ់តបតឡើយ និងកំពុងស្ថិតនៅក្រោមការសួរចម្លើយដោយ ប៉ូលិសសហព័ន្ធ FBI។
ដោយឡែក សាក្សីជាច្រើននាក់ក៏បានឱ្យដឹងដែរថាខ្មាន់កាំភ្លើង Esteban Santiago បានធ្វើដំណើរមកដល់អាកាសយានដ្ឋានខាងលើតាមរយៈជើងហោះហើរពីប្រទេសកាណាដា ជាមួយនឹងអាវុធមួយដើម ដែលឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវនៅក្នុងកាបូបរបស់ជននោះ ដែលក្រោយមកជនដៃដល់ក៏បានទៅយកកាបូបរបស់ខ្លួនចូលក្នុងបន្ទប់ទឹក ដើម្បីដាក់គ្រាប់ ហើយពេលចេញមកវិញក៏បើកការបាញ់ប្រហារតែម្តង។
គួរបញ្ជាក់ថា ខ្មាន់កាំភ្លើង Estenban Santiago ជាអ្នករស់នៅក្នុងរដ្ឋ Alaska ហើយធ្លាប់បានបំរើការជាមន្ត្រីសន្តិសុខជាតិ និងធ្លាប់ធ្វើដំណើរទៅកាន់សមរភូមិនៅប្រទេសអ៊ីរ៉ាក់ ខណៈមកទល់ពេលនេះប៉ូលិសបានសន្និដ្ឋានថា ខ្មាន់កាភ្លើងរូបនេះបានធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ដោយគ្មានពាក់ព័ន្ធជាមួយបុគ្គល ឬក្រុមណាផ្សេងឡើយ៕