(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ សាលាប៊ែលធីអន្តរជាតិ បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ ជូនដល់បុគ្គលិកប្រមាណ៤៣៧នាក់ ដែលពិធីនេះត្រូវបានធ្វើឡើងចំនឹងខួបលើកទី៣៨ ទិវាជ័យជំនះ៧មករា តែម្តង។
ពិធីជប់លៀងនេះ ត្រូវបានធ្វើឡើងនៅ សាលាប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។
បើតាមការអះអាងរបស់ បុគ្គលិកជាន់ខ្ពស់របស់សាលាប៊ែលធីអន្តរជាតិ បានឱ្យដឹងថា ពិធីត្រូវបានធ្វើឡើងដើម្បីលើកទឹកចិត្តដល់បុគ្គលិកប្រចាំសាលាផង និងដើម្បីអបអរដល់ទិវាជ័យជំនះ៧មករាផង។ អ្នកដែលបានចូលរួមពិធីជប់លៀងនេះ រួមមានសមាជិកក្រុមគ្រួសារប៊ែលធី ផ្នែកសន្តិសុខ បើកបរ ជាងអគ្គិសនី ជាងបណ្តាញទឹក ជាងម៉ាស៊ីនត្រជាក់ និងបោសសំអាតជាដើម។
លោក លី ឆេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បុគ្គលិកគ្រប់ជាន់ថ្នាក់ ក៏ដូចជា ផ្នែកសន្តិសុខផងដែរ ដែលបានចូលរួមបំពេញការងារជូនសាលាប៊ែលធីអន្តរជាតិ រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ពេលនេះ។
សូមជំរាបថា សាលាប៊ែលធីអន្តរជាតិ ដែលជាសាលាល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជានោះ តែងតែរៀបចំពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីបង្កើនការសប្បាយរីករាយដល់បុគ្គលិក ក៏ដូចជាលោកគ្រូអ្នកគ្រូ ដែលពួកគាត់បានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត រយៈពេល១ឆ្នាំមកនេះ៕