(ភ្នំពេញ)៖ ដោយមានការអំពាវនាវពីនាយកសាលាបឋមសិក្សាកូលាប១ និងមើលឃើញនូវកង្វះខាតកៅអីថ្មសម្រាប់ សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូអង្គុយសម្រាកក្រៅម៉ោងសិក្សា និងសម្រាប់ឪពុកម្តាយសិស្សអង្គុយរងចាំ កូនចេញពីរៀន នោះក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យទន្តសាស្ត្ររំចង់ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីផ្តល់ជូនជាកៅអីថ្មដល់សាលាបឋមសិក្សាកូលាប១ ចំនួន១០។
គួររំលឹកផងដែរថាកន្លងមក ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ក៏បានបរិច្ចាគកៅអីថ្ម ដល់សាលាបឋមសិក្សាភ្នំដូនពេញ និងជារឿយៗបានចុះបង្រៀនពីរបៀបសម្អាតនិងថែរក្សាមាត់ធ្មេញដល់ សិស្សានុសិស្សក្នុងសាលានានាទាំងរដ្ឋ និងឯកជន ក្នុងគោលបំណងលើកកម្ពស់សុខភាពមាត់ធ្មេញដល់កុមារកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ សូមអំពាវនាវនិងលើកទឹកចិត្តដល់មាតាបិតាទាំងអស់ អោយបង្កើនការយកចិត្តទុកដាក់ដល់សុខភាពមាត់ធ្មេញរបស់បុត្រធីតារបស់លោកអ្នក ដោយដាស់តឿនពួកគាត់ អោយសំអាតធ្មេញរៀងរាល់ក្រោយពេលញាំអាហាររួច និងនាំពួកគាត់អ្នកមកពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តងដើម្បីអោយគ្រូពេទ្យធ្មេញត្រួតពិនិត្យ សម្អាត ហើយបង្រៀនពួកគាត់ពីរបៀបសម្អាតនិងថែរក្សាមាត់ធ្មេញ អោយបានត្រឹមត្រូវ។
អស់រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ រំចង់ បានពុះពារគ្រប់បែបយ៉ាង ដើម្បីផ្តល់ជូននូវ សេវាពេទ្យធ្មេញដែលមានគុណភាព និងបច្ចេសទេសខ្ពស់ជូនដល់អតិថិជនជាតិ និងអន្តរជាតិ នឹងត្រូវបានទទួលស្គាល់ គុណភាពស្តង់ដាអន្តរជាតិ ISO ៩០០១:២០០៨ ប្រកបដោយភាពល្បីល្បាញជាពេទ្យធ្មេញល្អបំផុត លំដាប់អន្តរជាតិនៅក្នុងទីក្រុងភ្នំពេញ។
គណគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ទ្រង់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជានិច្ចជាកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ជាពេទ្យធ្មេញប្រចាំគ្រួសារជារៀងរហូត។ យើងខ្ញុំសូមជូនពរដល់អតិថិជន និងប្រជាពលរដ្ឋទាំងអស់ ឲ្យមានសុខភាពល្អ សិរីសួស្តី សុភមង្គល និងរស់នៅប្រកបដោយ សុខសន្តិភាពគ្រប់ពេលវេលា៕