(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀន៣៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៨២នាក់ (ស្រី១នាក់) នេះបើយោងតាមលទ្ធផលផ្លូវការ នៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១ ដែលអង្គភាព Fresh News ទទួលបាន។
នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ លទ្ធផលបង្ក្រាបរួមមាន៖ ៣៥ករណី ឃាត់ខ្លួន៨២នាក់ ស្រី១នាក់ ចាប់យកគ្រឿងញៀន ICE ១៣២កញ្ចប់តូប ម៉ូតូ៧គ្រឿង រថយន្ត២គ្រឿង ទូរស័ព្ទដៃ១៧គ្រឿង (ក្នុងនោះមានករណីជួញដូរគ្រឿងញៀន២២ករណី ឃាត់ខ្លួន៤៦នាក់ និងករណីប្រើប្រាស់គ្រឿងញៀន១៣ករណី ឃាត់ខ្លួន៣៦នាក់)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕