(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីអបអរសាទរខួប ៣៨ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៧) យ៉ាងមហោឡារិកទាំងនៅក្នុងរាជធានីភ្នំ ពេញ និងតាមបណ្តាខេត្តនានាផងដែរ។
ពិធីអបអរសាទរថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្រោចស្រង់ជាថ្មីនូវអាយុជីវិត សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងការស្រោចស្រង់ប្រទេសជាតិទាំងមូលនេះ ត្រូវបានធ្វើឡើងក្រោមអធិបភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីអនុប្រធានគណបក្សសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីបណ្តាមន្រ្តីអង្គទូតបរទេសប្រចាំនៅកម្ពុជា និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់។
ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣៨ឆ្នាំកន្លងមកនេះ។ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិ សាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គ។
ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បុរសដែលបានពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា តែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ក៏ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
និយាយដល់របប ប៉ុល ពត ប្រជាពលរដ្ឋខ្មែរ ដែលមានវ័យចំណាស់ភាគច្រើនសុទ្ធតែបានដឹងយ៉ាងច្បាស់ពីរបប ដ៏ឈឺចាប់មួយនេះ ហើយនៅតែចងចាំមកដល់បច្ចុប្បន្ន។ ដោយឡែកសម្រាប់យុវជនខ្មែរវិញពួកគេបានដឹងឮតាមឯកសារ និងការនិទានរបស់ឪពុកម្តាយ របស់ពួកគេតែប៉ុណ្ណោះ ហើយខ្លះទៀតស្ទើរតែមិនជឿថារបប ប៉ុល ពត មានសភាពព្រៃផ្សៃ និងជារបបកាប់សម្លាប់នោះឡើយ។
យុវជន ឡាយ សុភារៈ រស់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល បានថ្លែងថា «ខ្ញុំជាយុវជនជំនាន់ក្រោយ ខ្ញុំកើតអត់ទាន់មែន តែខ្ញុំដឹងតាមរយៈឯកសារ និងការនិទានប្រាប់ពីឪពុកម្តាយ ជីដូនជីតាគាត់ធ្លាប់ឆ្លងកាត់។ គាត់ប្រាប់ថា ជំនាន់ណុង គឺជារបបយុងឃ្នងបំផុត ដែលយើងមិនអាចទទួលយកបាន កាប់សម្លាប់មនុស្សវាយដំទាត់ធាក់ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត ដែលយើងស្តាប់ទៅស្ទើរតែមិនជឿ»។
យុវតី ឈុន ពេជ្ររង្ស៊ី បានលើកឡើងថា កញ្ញាតែងបានឮឪពុកម្តាយរបស់កញ្ញាដំណាលអំពីទុក្ខវេទនានៅក្នុងរបបខ្មែរក្រហម។ «របប ប៉ុល ពត ជារបបដែលសម្លាប់រង្គាលរបស់ ប៉ុល ពត មកលើប្រជាជនខ្មែរ។ ម៉ាក់ខ្ញុំគាត់ប្រាប់ថា របបហ្នឹងវាឃោរឃៅខ្លាំងណាស់»។
ការប្រារព្ធពិធីអបអរសាទរជ័យជម្នះ ៧ មករា មកដល់បច្ចុប្បន្ននៅតែមានការប្រទាញប្រទង់គ្នាសម្រាប់អ្នកនយោបាយខ្មែរ។ អ្នកនយោ បាយគណបក្សប្រជាជនកម្ពុជា ដែលជាម្ចាស់កម្មសិទ្ធិផ្តាច់មុខនៃថ្ងៃជ័យជម្នះ ៧ មករា បានអះអាងថា ថ្ងៃជ័យជម្នះ ៧ មករា ជាការរំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីក្តីស្លាប់ និងទទួលបានសិទ្ធិសេរីភាពពេញលេញ ហើយក៏បានជួយឲ្យកម្ពុជាទទួលបានពន្លឺជាថ្មីនិងមាន ការអភិវឌ្ឍរហូតដល់បច្ចុប្បន្ន។
ដោយគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ជាពិសេសអ្នកនយោបាយមកពីគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅ កម្ពុជាមិនបានយល់ដូច្នោះឡើយ។ ពួកគេនៅតែព្យាយាមលើកឡើងថា របបមួយនេះជារបបដែលកងទ័ពវៀតណាមចូលឈ្លានពានប្រទេសកម្ពុជា ហើយបានហៅការប្រារព្ធថ្ងៃជ័យជម្នះ ៧ មករា គឺដើម្បីកេងចំណេញផ្នែកនយោបាយ និងរកប្រជាប្រិយភាព។
ក្រុមយុវជនបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេថា ការប្រារព្ធទិវាជ័យជម្នះ ៧ មករា គឺជារឿងល្អមួយសម្រាប់ក្រើនរំលឹកដល់យុវជនឲ្យបានដឹងអំពីប្រវត្តិឈឺចាប់ និងឃោរឃៅក្នុងរបប ប៉ុល ពត ហើយក៏ជាការក្រើនរំលឹកដល់យុវជនឲ្យស្រឡាញ់នូវសន្តិភាព និងត្រូវ ចេះរួបរួមសាមគ្គីគ្នាអភិវដ្ឍន៍ប្រទេសជាតិកុំឲ្យធ្លាក់ចូលក្នុងសភាពអន្តរាយដូចរបប ប៉ុល ពត បន្តទៅទៀត៕