(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់ ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រ សករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបន្តទៀតថា «ថ្ងៃនេះគឺជាទិវាដ៏មហានក្ខត្តឬក្ស ដែលប្រជាជនកម្ពុជានៅទូទាំងប្រទេស ចូលរួមដោយក្តីសោមនស្ស រីករាយក្រៃលែង ប្រារព្ធខួបអនុស្សាវរីយ៍លើក ទី៣៨នៃទិវាជ័យជម្នះដ៏រុងរឿងនេះជាមួយនឹង មោទនភាពដ៏ថ្លៃថ្លាចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើន ដែលប្រជាជនយើងសម្រេចបានក្នុងរយៈពេល៣៨ឆ្នាំ កន្លងមក រួមទាំងសមិទ្ធផលលើគ្រប់វិស័យនៅក្នុងឆ្នាំ២០១៦ ដែលទើបតែឆ្លងផុតថ្មីៗនេះ»។
លោក ប៉ុល សារឿន បានថ្លែងបែបនេះ នៅក្នុងពិមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជម្នះ៧ មករា (៧.០១.១៩៧៩-៧.០១.២០១៧) ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា ជ័យជម្នះ ៧មករា បានសង្គ្រោះអាយុជីវិតប្រជាជន ដែលនៅសេសសល់ បានទាន់ ពេលវេលា បានដណ្តើមមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាជន បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែល ត្រូវបានកសាងពូនផ្តុំរាប់ពាន់ឆ្នាំមកហើយនោះ បានរស់ឡើងវិញ និង បានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ នេះជា សច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ។
លោក ប៉ុល សារឿន ក៏សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក័្ខន្ធ ជនរួមជាតិជាង៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអាណោចអាធម្ម និងអយុត្តិធម៌បំផុតនៅក្រោមរបបប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដរាបទៅ។
គួរបញ្ជាក់ថា ស្មារតីជ័យជម្នះ៧មករា ស្ថិតស្ថេរ និងរស់រវើកជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត ស្មារតី ៧ មករា ជាពន្លឺបង្ហាញផ្លូវយើងឲ្យឆ្លងកាត់នូវគ្រប់ឧបសគ្គ និងការលំបាកនានាឆ្ពោះទៅរកជ័យជម្នះគ្មានទីបញ្ចប់ ស្មារតី ៧ មករា គឺស្មារតីសន្តិភាព និងការរួបរួមជាតិ ជាស្មារតីធ្វើម្ចាស់ប្រទេសរបស់ប្រជាជនយើង។
ស្មារតី៧ មករា ជាស្មារតីរបស់ប្រជាជាតិខ្មែរ ដោយពុំមានបែងចែកនិន្នាការនយោបាយណាមួយឡើយ ទាំងអ្នកបានឆ្លងកាត់របបប្រល័យពូជសាសន៍ទាំងយុវជន ជំនាន់ក្រោយដែលមិនបានឆ្លងកាត់ផ្ទាល់នូវរបបដ៏ឃោឃៅនេះ។ មានតែអ្នកចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងអ្នកដែលចង់ប្រើប្រាស់កម្ពុជា ដើម្បីសម្រេចគោលបំណងអាក្រក់របស់ខ្លួន ដោយពុំគិតដល់អាយុជិវិតរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ៧មករា៕