(ព្រះវិហារ)៖ គ្រាដែលរាជរដ្ឋាភិបាលដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំង និងបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងក្តៅគគុកនោះ នៅឯខេត្តព្រះវិហារមន្រ្តីនគរបាល ក៏កំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំផងដែរ។ នៅថ្ងៃទី០៦ ខែមករា ម្សិលមិញជនសង្ស័យជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់សរុប ៩នាក់ និងដកហូតថ្នាំញៀន រួមនិងវត្ថុតាងមួយចំនួនផងដែរ។
លោកវរៈសេនីយ៍ មាឃ សំអូន ស្នងការរង និងជាប្រធានការិយាលយ័កណ្តាលប្រឆាំងបទល្មើស បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ បានធ្វើឡើងនៅចំណុចការដ្ឋានសំណង់ ក្នុងបរិវេណសំណង់រដ្ឋបាលខេត្ត ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
លោកវរៈសេនីយ៍ឯក មាឃ សំអូន បានឲ្យដឹងដែរថា យុទ្ធនាការបង្ក្រាបជនសង្ស័យគ្រឿងញៀនខុសច្បាប់នេះ ត្រូវបានដឹកនាំ និងសម្របសម្រួលពី លោក លី លន់ ព្រះរាជអាជ្ញាអមសាលដំបូងខេត្តព្រះវិហារ។
ទាំងជនសង្ស័យ និងវត្ថុតាងក្រោយពីឃាត់ខ្លួន និងរឹបអូសបាននោះ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។ នេះបើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក មាឃ សំអូន៕