(កណ្តាល)៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល ក្រោមវត្តមាន របស់លោក សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិបក្សប្រជាជនចុះជួយឃុំពើក និង សមាជិកសមាជីការបក្ស មកពីបណ្តាភូមិទាំងអស់មកពី ៧ភូមិ ប្រមាណជាង៥០០នាក់ បានបើកអង្គសន្និបាតបក្សត្រួតពិនិត្យ វាយតម្លៃលទ្ធផល លើសេចក្តីព្រាងរបាយការណ៍គណបក្ស និងប្រារព្ធកម្មវិធីរំលឹក ថ្ងៃ៧មករា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។
នៅក្នុងកម្មវិធីនេះ គណៈកម្មាធិការគណបក្សឃុំពើក បានដំណើរការសន្និបាត ដើម្បីត្រួតពិនិត្យ វាយតម្លៃលទ្ធផលនៃការអនុវត្ត គោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍឃុំរយៈពេល៥ ឆ្នាំកន្លងមក និងលើកទិសដៅភារកិច្ច ដាក់ចេញនូវកម្មវិធីនយោបាយ របស់គណៈកម្មាធិការគណបក្សឃុំ សម្រាប់អភិវឌ្ឍពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខផងនោះដែរ។
ជាមួយគ្នានោះ លោក សែម សុវណ្ណនី ប្រធានក្រុមការងារបក្សប្រជាជនចុះជួយឃុំពើក បានលើកឡើងថា ដើម្បីធានាបាននូវ សុវត្ថិភាព និងរបៀបរៀបរយនៃដំណើរការ សន្និបាតគណៈកម្មាធិការ គណបក្សឃុំ សូមឲ្យសមាជិក សមាជិកាទាំងអស់អនុវត្ត ឲ្យបានត្រឹមត្រូវតាមកម្មវិធី និងសេចក្តីប្រកាសផ្សេងៗរបស់សន្និបាត ហើយតាមដានស្តាប់របាយការណ៍ និងមុនពេលអនុម័ត បញ្ហាផ្សេងៗ សូមយកចិត្តទុកដាក់អនុវត្ត ឲ្យបានត្រឹមត្រូវ ជៀសវាងការអនុម័តប្រព្រឹត្តទៅប្រកបដោយប្រសិទិ្ធភាព និង គុណភាព៕