(កំពង់ស្ពឺ)៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា មានថ្ងៃ៧មករា១៩៧៩ គឺមានការអភិវឌ្ឍន៍ មានសិទ្ធិសេរីភាព និងការអភិវឌ្ឍន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ។
លោក ឆាយ ថន បានលើកឡើងឲ្យដឹងថា៖ «៧មករា ១៩៧៩ គឺមានការអភិវឌ្ឍន៍ មានសិទ្ធិសេរីភាព មានការគ្រប់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន វត្តអារាម និងមានអ្វីៗគ្រប់យ៉ាង ហើយ៧មករា មិនបានចាត់ទុកអ្នកណាជាសត្រូវក្រៅតែពីរបបប្រល័យពូជសាសន៍ប៉ុល ពត នោះឡើយ»។
លោក ឆាយ ថន បានលើកឡើងបែបនេះ ខណៈលោកចូលរួមក្នុងពិធីប្រារព្ធខួបលើទី ៣៨(ថ្ងៃ៧មករា ១០៧៩ ថ្ងៃ៧មករា ២០១៧) រៀបចំធ្វើនៅថ្ងៃទី ០៧ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ស្ពឺ។
ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពី លោក វ៉ី សំណាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងក្រុមការងារគណបក្សប្រជាជនប្រមាណជាង៥០០០នាក់។
បន្ថែមពីលើនេះ លោក ឆាយ ថន បានឲ្យដឹង ពីអតីតកាលដ៏ជូរចត់ តើកាលពីមុននៅក្នុងពេលនេះ ប្រជាជនខេត្តកំបង់ស្ពឺ ក៏ដូចជាក្នុងខេត្តដទៃទៀតក្តី មានស្ថានភាពបែបណាកាលពីរយៈពេល៣៥ឆ្នាំមុន។ ពិតណាស់ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ មានតំបន់មួយចំនួនប្រជាជនបានរំដោះ ប៉ុន្តែក៏មានប្រជាជនមួយចំនួនទៀតកំពុងទទួលរងនូវការលំបាក និងសង្គ្រាម ជាក់ស្តែងខេត្តកំពង់ស្ពឺ យើងគឺសមភូមិ ចុងក្រោយផងដែរ។
ដូច្នេះ ការរំលឹកឡើងវិញនេះបានបង្ហាញឱ្យយើងឃើញថា ស្រមោលអតីតកាលដ៏ជូរចត់មួយនេះបានបំផ្លិចបំផ្លាញប្រជាពលរដ្ឋរបស់យើងឱ្យព្រាត់ប្រាសនិរាសរហូតមកដល់សព្វថ្ងៃនេះ ហើយគ្មានក្រុមគ្រួសារណាមួយដែលថាមិនបានបាត់បង់សមាជិកគ្រួសារខ្លួននោះទេ។
ការនិយាយអំពីគុណបំណាច់ថ្ងៃ៧មករានេះ គឺមិនមែនមានន័យសំដៅឱ្យយើងគោរពគណបក្សប្រជាជនតែឯងនោះទេ ហើយឱ្យយើងគោរពនិងដឹងគុណចំពោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្វីដែលយើងមានបំណងនិយាយគឺ៧មករា របស់រួមជា របស់ជាតិទាំងមូល មិនបានចាត់ទុកអ្នកណាជាសត្រូវក្រៅតែពីរបបប្រល័យពូជសាសន៍ប៉ុល ពតនោះឡើយ។
សូមរំលឹកថា ការដួលរលំយ៉ាងឆាប់រហ័សនៃរបបប្រល័យពូជសាសន៍ប៉ុល ពត មិនមែនគ្រាន់តែការចាប់ផ្តើមដោយការវាយលុករបស់កងទ័ពរណសិរ្សសាមគ្គីជាតិសង្គ្រោះជាតិកម្ពុជា ឬក៏ការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនោះទេ ។ អ្វីដែលធំជាងនេះទៅទៀត គឺការចូលរួមរបស់ប្រជាជនកម្ពុជាតែម្តង ទើបមានថ្ងៃ៧ មករា ដែលគណបក្សប្រជាជនតស៊ូ ការពារ ថែរក្សា ទុកសម្រាប់ការរំលឹកគុណដល់ វរអតីតយុទ្ធជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ជូនជាតិមាតុភូមិនៃយើង៕