(កំពង់ស្ពឺ)៖ លោក អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឧដុង្គ បានរំលឹកនូវរឿងមួយចំនួនក្នុងរបបប៉ុល ពតថា ក្នុងសម័យនោះបើទោះបីខួរក្បាលយើងបញ្ជាថា ក្រពះស្រេកឃ្លាន មាត់ស្រែកទឹកមែន តែបើអង្គមិនទាន់វៃរគាំងទេ គឺមិនអាចហូបបានអ្វីឡើយ។
ការថ្លែងបែបនេះ របស់លោក អ៊ុក កោសា ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោក ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការជាង ៤០០នាក់ ក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក អ៊ុក កោសា បានលើកឡើង ដោយបានប្រដូចប្រទេសកម្ពុជាបច្ចុប្បន្ន ទៅរបបវាលពិឃាតប៉ុល ពត សម្លាប់ជាតិសាសនឯង ធ្វើទារុណ្ឌកម្មឥតត្រាប្រណីនោះថា «ខុសគ្នាមេឃ និងដី សព្វថ្ងៃពលរដ្ឋមានសិទ្ធគ្រប់យ៉ាង មិនថាតែសិទ្ធិក្នុងការបញ្ចេញមតិមួយមុខនោះទេ ពោលគឺចង់ហូបបាយ ចង់បបរ ចង់ហូបចំណីផ្សេង បានតាមចិត្តចង់តែបើសម័យ ៣ឆ្នាំ ៣ខែ ២០ថ្ងៃនោះវិញ បើឃ្លានចង់ហូត ទាល់តែអង្គការ(វ៉ៃរគាំង) ទើបបានហូបបាយឬបបរ»។ លោកថា រូបលោកផ្ទាល់ ពិតជាបានឆ្លងកាត់របបនេះយ៉ាងជូចត់ សូម្បីតែខោ អាវ សម្រាប់ស្លៀកពាក់ មានមួយចង្កេះឆ្អេះជាប់ខ្លួនផងដែរ។
លោកបានរំលឹកថែមទៀតថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៩៥ គ្រាមួយលោកបានចុះទៅ ស្រុកឪរ៉ាល់ ដែលជាចំណុចដែលលោកបានជាន់មីនតោនផ្ទុះស្លាប់១០នាក់ ក្នុងចំណោម១៥នាក់ ក្នុងនោះមានរូបលោកម្នាក់ដែរ ជាមួយយុទ្ធមិត្តលើរថយន្ត ដំរីទឹក គឺជាសមភូមិស៊ីសាច់ ហុតឈាមជាក្រុមឧទ្ទាម ប៉ុល ពត រកតែផ្លូវដើរមិនបានផង តែមកដល់បច្ចុប្បន្នរូបលោក មើលមិនស្គាល់ទេដោយសារតែទីបានក្លាយជាតំបន់សេដ្ឋកិច្ច មានផ្សា សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាតំបន់សម្បូរដោយភោជនីយ៏ដ្ឋាន និងភ្ញៀវទេសចរខុសគ្នា១០០ភាគរយតែម្តង។
ជាមួយគ្នានោះ លោក អ៊ុក កោសា បានយកការអភិវឌ្ឍមកលើកឡើង បញ្ជាក់ជូនពលរដ្ឋទាំងអស់ថា រាជរដ្ឋាភិបាលបានធ្វើអ្វីគ្រប់យ៉ាង បម្រើដល់ប្រជាពលរដ្ឋ ដល់សង្គមជាតិ ហើយកុំយកការអភិវឌ្ឍនេះប្រែក្លាយជាចំណុចគោលដៅ ប្រើប្រាស់គ្រឿងញៀនទៅវិញឲ្យសោះ ត្រូវប្រាប់កូនចៅឲ្យគេចចេញពីគ្រឿងញៀនផង។ លោកថា សម័យនោះ លោកដើរកាត់ភូមិហើយក៏ធំក្លិនផ្លែច័ន្ទទុំ រូបលោកស្ទើស្រក់ទឹកមាត់ ហើយមិនតែប៉ុណ្ណោះនឹកបន់ស្រន់ឲ្យផ្លែឈើនោះវាជ្រុះ មកដីដើម្បិរើសហូប ពីព្រោះដោយសារការស្រេកឃ្លាន តែគ្មានកម្លាំងកំហែងសម្រាប់ឡើងបេះបាននោះឡើយ ផ្លែចន្ទ មួយពីសម័យនោះប្រៀបបាន និងផ្លែប៉ម មួយគីឡូសម័យនេះ ដូច្នេះមិនបាច់ឆ្ងល់ទេសម័យប៉ុល ពតគឺផ្តាច់ការ បំបាត់សិទ្ធិ កាប់សម្លាប់ដោយមិនរើសមុខ៕