(កំពង់ធំ)៖ ថ្លែងចេញពីស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដ៏សកម្មមួយរូបបានថ្លែងថា ថ្ងៃ៧មករា ក៏ជាថ្ងៃប្រវត្តិសាស្ដ្រដែល កើតឡើងដោយមនុស្សជាតិ គឺជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជា ក្រោមកិច្ចដឹកនាំដ៏មោះមុតអង់អាចក្លាហានរបស់សម្តេចទាំង៣ ហើយក៏ជាថ្ងៃសច្ចធម៌ប្រវត្តិសាស្រ្ត ដែលពុំអាចមានអ្នកណាមួយបំភ្លេចបំភ្លៃបំផ្លើសបំផ្លាញបានឡើយ។

ការថ្លែងបែបនេះរបស់លោក ថោង ខុន ធ្វើឡើងនៅក្នុងមិទ្ទិញរំលឹកខួប លើកទី៣៨ នៃថ្ងៃ៧ មករា ជាប្រវត្តិសាស្ត្រនៅថ្ងៃនះ។ លោក ថោង ខុន បាន គូសបញ្ជាក់យ៉ាង​ដូច្នេះថា ប្រវត្តិសាស្ត្រគឺមនុស្សជាអ្នកបង្កើតឡើង។ ប្រាសាទអង្គរវត្តដ៏ល្បីល្បាញក៏ត្រូវបានកសាងឡើងដោយមនុស្សខ្មែរ ដែលប្រកបដោយមហិច្ឆិតាដ៏ធំធេង ដំណាងឲ្យមនុស្សជាតិក្នុងពិភពលោកទាំងមូល។ នេះជាសច្ចធម៌នៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

ថ្ងៃ៧មករា ក៏ជាថ្ងៃប្រវត្តិសាស្ដ្រដែលកើតឡើងដោយមនុស្សជាតិ គឺជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជា ក្រោមកិច្ចដឹកនាំដ៏មោះមុតអង់អាចក្លាហានរបស់សម្តេចទាំង៣ គីសម្តេចធម្មពោធិសាល ជា ស៊ីម, សម្តេចមហាពញាចក្រី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងដោយមានការជួយឧបត្ថម្ភគំាទ្រពីសំណាក់កងទ័ពស្ម័គ្រចិត្ត វៀតណាម បានរំដោះប្រជាជាតិ និងប្រជាជនកម្ពជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏ ប៉ុល ពត។ គ្មានថ្ងៃ ៧មករា១៩៧៩ ក៏មិនអាចមានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ រាប់ទាំងពុំអាចមានចៅៗ ក្មួយៗទាំងអស់នៅថ្ងៃនេះដែរ ព្រោះចៅៗក្មួយកើតចេញពីពុកម៉ែ, ពុកម៉ែ កើតចេញពីតាយាយ ហើយតាយាយក៏កើតចេញពី៧ មករា ដែល ជាមាតាទី២ របស់ពួកគាត់។

នេះគឺពិតជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលពុំអាចមានអ្នកណាមួយបំភ្លេច បំភ្លៃបំផ្លើស បំផ្លាញបានឡើយ។ ៧ មករា ជាថ្ងៃរបស់ប្រជាជនកម្ពជាទាំងអស់គ្នា។
គណបក្ស​ប្រជាជនកម្ពុជា ពុំដែលបានធ្វើអ្វីខុសដល់ប្រទេសជាតិ និងប្រជាជនឡើយ។ ក្រោយពីរំដោះប្រទេសជាតិនិង ប្រជាជាជនចាប់ពីបាតដៃទទេ  ដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប៉ុលពត ដៃម្ខាងស្តារនិងកសាងប្រទេសជាតិឡើងវិញ បញ្ចប់សង្គ្រាមស៊ីវិល នាំសន្តិភាពនិងការអភិវឌ្ឍដល់ប្រទេសជាតិ។

ពីសមាជិកបក្ស ដែលនៅសេសសល់តែប្រមាណ៦០នាក់ ក្រោយថ្ងៃ ៧មករា ១៩៧៩ បច្ចប្បន្នមានសមាជិកបក្សដល់ជាង៥លាននាក់ ក្នុងពេលដែលគណបក្សខ្លះ រលំរលាយបាត់រូបបាត់រាង។ នេះបានសបញ្ជក់ច្បាស់ ពីមាគ៌ាប្រជាជនដ៏តឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាល ត្រូវបានប្រជាជនគាំទ្រនិងសាទរ។ អ្វីៗដែលគណបក្សប្រជាជនបានធ្វើ គឺដើម្បីភាពថ្កុំថ្កើងរុងរឿងរបស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។

សូមជំរាបថា នៅព្រឹកថ្ងៃសោរ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរម្លឹកឡើងវិញអំពីការឈឺចាប់ដ៏ធំធេងរបស់កម្ពុជា កាលពីអំឡុង៣០ឆ្នាំមុន។ សម្តេចចាត់ទុកថា មហន្តរាយ និងសោកនាដកម្មដ៏ធំធេងដែលបានធ្លាក់​សង្កត់មកលើប្រជាជនកម្ពុជានេះ គឺផ្តើមឡើងដោយរដ្ឋប្រហាររបស់ លន់ ណុល ដែលគាំទ្រ​ដោយសហ​រដ្ឋអាមេរិក កាលពីថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។

ការរម្លឹកឡើងវិញអំពីសោកនាដកម្មរបស់កម្ពុជានេះ បានធ្វើឡើងនៅក្នុងពិធីរម្លឹកខួបលើកទី៣៨ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា នៅទីស្នាក់ការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។ ប្រមុខរាជរដ្ឋាភិបាល បានអះអាងថា មានរដ្ឋប្រហារនោះ ទើបធ្វើឱ្យមានខ្មែរក្រហមកើតឡើង ហើយបង្កើតសង្រ្គាមនៅកម្ពុជារាប់សិបឆ្នាំ៕