(ភ្នំពេញ)៖ អ្នកជំនាញផ្នែកទីផ្សារ លោក គារ បូរ៉ា ប្រធានសមាគម អ្នកទីផ្សារកម្ពុជា បានលើកឡើងថា ជំនាញផ្នែកទីផ្សារនៅកម្ពុជា នៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។
ការលើកឡើងរបស់លោកប្រធានសមាគមបែបនេះ ធ្វើឡើងក្នុង «កម្មវិធីកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារបន្ដសម្រាប់ឆ្នាំ២០១៧ របស់សមាគមអ្នកទីផ្សារកម្ពុជា» ដែលរៀបចំឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២១៧នេះ នៅសណ្ឋាគារសាន់វេ។
លោកបាបថ្លែងថា «សម្រាប់ការអប់រំផ្នែកទីផ្សារ នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃគឺយើងពុំមានស្ដង់ដារណាមួយ ដើម្បីវាស់វែងជាមួយប្រទេសជិតខាងបាននោះឡើយ ព្រោះថាការសិក្សារបស់យើង គឺជាការសិក្សាបែបទូទៅ នៅក្នុងមហាវិទ្យាល័យ។ នៅក្រៅប្រទេសវិញ គឺគេមានវិទ្យាល័យច្រើន សម្រាប់ផ្នែកទីផ្សារនេះ គឺសិក្សាមុខវិជ្ជានេះតែមួយមុខប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធនឹងមុខវិទ្យាផ្សេងនោះឡើយ មិនមានការលាយឡំចូលគ្នា ដូចការសិក្សានៅក្នុង ប្រទេសកម្ពុជានោះទេ»។
លោកបានបន្ដទៀតថា មានមតិមួយចំនួនតែងតែនិយាយថា យើងនៅតែប្រើបរទេស ឲ្យមកបម្រើការងារផ្នែកទីផ្សារ នៅក្នុងប្រទេសកម្ពុជា ហេតុអ្វីបានជាត្រូវការបរទេស ដើម្បីមកបម្រើការងារនេះ គឺ ព្រោះយើងមិនមានអ្នកជំនាញកម្ពុជាណាមួយ ដែលអាចធ្វើបាននោះឡើយ ប្រសិនជាមានក៏មានតិចតួចតែប៉ុណ្ណោះ។ យើងទទួលស្គាល់ថា សាលានៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ច្រើន តែស្ដង់ដាររបស់យើងមិនទាន់ធៀបនឹងស្ដង់ដារ របស់ប្រទេសនៅជិតខាងបាននោះឡើយ ជាពិសេសធៀបទៅនឹងប្រទេសម៉ាឡេស៉ី ប្រទេសសឹង្ហបុរី ប្រទេសឥណ្ឌូនេស៊ីជាដើម។
លោកបានបន្ដទៀថា «នាថ្ងៃអនាគត សម្រាប់ខ្ញុំយល់ថា កម្ពុជាពូកែ ប៉ុន្ដែចំនួននៃអ្នកពូកែ គឺមានតិចតួចបំផុត ព្រោះតែមានអ្នកពូកែតិចពេក ហេតុដូច្នេះពេលដែលចូលក្នុងចំណោមគេ អ្នកពូកែហាក់ដូចតិចបំផុត ប្រទេសណាក៏ដូចជាប្រទេសណាដែរ គឺសុទ្ធតែមានអ្នកពូកែ និងអ្នកមិនពូកែ គ្រាន់តែថា ក្នុងប្រទេសគេ គឺមានអ្នកពូកែច្រើនជាងគ្នាប៉ុណ្ណោះ។ ទីផ្សារប្រទេសកម្ពុជាធំធេង
តែអ្នកជំនាញមានតិចហេតុដូច្នេះ គឺជៀសមិនផុតពីការប្រើបរទេសនោះឡើយ»។
លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះមានកូនខ្មែរជាច្រើន បានខិតខំប្រឹងប្រែងព្យាយាម ដើម្បីឲ្យខ្លួនឯងប្រកួតប្រជែងជាមួយ អ្នកនៅក្រៅប្រទេសបាន ជាពិសេសគឺយើងស្ថិតនៅក្នុងសមាហរណកម្មអាស៊ាន ដែលការអប់រំ ការប្រកួតប្រជែង នៅទីផ្សារគឺត្រូវដើរទៅមុខបន្ដទៀត៕