(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់បន្តការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបលើបទល្មើសធំៗចំនួន៥ រួមមាន បទល្មើសកាប់ឈើខុសច្បាប់, ការរំលោភដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ៃខុសច្បាប់ និងអាជីវកម្មខ្សាច់ខុសច្បាប់ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមានទៀតថា ក្នុងករណីដែលមានបុគ្គលណាធ្វើល្មើសច្បាប់ខាងលើនេះ ជនទាំងនោះត្រូវទទួលទោសតាមច្បាប់កំណត់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចចូលរួមជាអធិបតីភាព ក្នុង ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ (៧ មករា ១៩៧៩-៧ មករា ២០១៧) យ៉ាងមហោឡារិកក្រោមវត្តមានអ្នកចូលរួមរាប់ពាន់នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។
ថ្លែងបញ្ជាក់នៅក្នុងពិធីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជាជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្រ្កាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ, គ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការទន្រ្ទានយកដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ែខុសច្បាប់, អាជីវកម្មខ្សាច់ខុសច្បាប់ និងការដាក់កុងត្រូលយកលុយខុសច្បាប់ ជនណាដែលប្រព្រឹត្តខុសបទល្មើសត្រូវតែទទួលទោសតាមច្បាប់»។
យ៉ាងណាក៏ដោយ នេះគឺជាការព្រមានពីសំណាក់សម្តេចតេជោ ហ៊ុន សែន លើការបង្រ្កាបបទល្មើសទាំងនេះបន្ថែមទៀត បើនៅតែមានបទល្មើសបែបនេះបន្តទៀត ការអនុវត្តច្បាប់នឹងអនុវត្តលើបុគ្គលល្មើសទាំងអស់នោះជាក់ជាមិនខាន៕