(សៀមរាប)៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧​មករា លើកទី៣៨ ​(៧ មករា ១៩៧៩-៧ មករា ២០១៧) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។

ពិធីនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ក្នុងមានការចូលរួមពី លោក ឃឹម ប៊ុនសុង ប្រធានគណបក្សប្រជាជនខេត្តសៀមរាប និងថ្នាក់ដឹកនាំមួយចំនួនទៀត ព្រមទាំងសមាជិក-សមាជីកា​សរុប៤,៧៨៨នាក់។

ជាមួយគ្នានោះដែរ ក្រោយពីបញ្ចប់ពិធីអបអរសារថ្ងៃ៧​មករា ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ អញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយនិវត្តន៍ជន កងកម្លាំងប្រដាប់អាវុធ និងគ្រួសារកម្មាភិបាល យុទ្ធជនមានគុណបំណាច់ ប្រមាណ​១,០០០ នាក់ នៅសាលមហោស្រព រ៉ូសាណាប្រូតវ៉េ ខេត្តសៀមរាប។

បន្ថែមពីនេះ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប បានបន្តសំណេះសំណាល និងចែកអអំណោយជូននិវត្តជន មន្ត្រីរាជការស៊ីវិល ប្រមាណ​៦១៨​នាក់ នៅក្នុងបរិវេណមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ផងដែរ៕