(បន្ទាយមានជ័យ)៖ មិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩ ដល់ ៧មករា២០១៧) នៅខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន ប្រធានគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនធ្វើយ៉ាងណាកុំចូលរួមក្នុងចលនានានា ដែលនាំឲ្យមានបដិវត្តពណ៌ នាំប្រទេសជាតិធ្លាក់ក្នុងភាពវិនាសមហន្តរាយ សូមងាកមកគាំទ្រគោលនយោបាយគណបក្សប្រជាជន ដែលនាំមកនូវសន្តិភាពបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ។
អង្គមិទ្ទិញនេះធ្វើឡើង ដោយមានការចូលរួមពី លោក សួន បវរអនុប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តបន្ទាយមានជ័យ សមាជិកសភា ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត សមាជិក-សមាជិកា គណៈកម្មាធិការបក្សខេត្ត ប្រធាន-អនុប្រធានមន្ទីរ មន្ត្រីរាជការនានាជុំវិញខេត្ត គណបក្សស្រុក-ក្រុង-សង្កាត់ លោកគ្រូ-អ្នកគ្រូ សិស្សនិស្សិត យុវជនកាកបាទក្រហម កាយឫទ្ធិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថ្នាក់ដឹកនាំ និងក្រុមការងារយុវជនខេត្ត ពាណិជ្ជករ អាជីវករ និងសហគមន៍ សរុប១,៣៩០នាក់។
ក្នុងគោលបំណងធ្វើឲ្យសមាជិក-សមាជិការ គណបក្សគ្រប់រូប ជាពិសេសសមាជិកក្នុងស្រទាប់យុវវ័យ និងមហាជន បានយល់ច្បាស់អំពីអត្ថន័យធំធេង ជាប្រវត្តិសាស្ត្រនៃជ័យជម្នះ៧មករា ព្រមទាំងស្នាដៃធំៗ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិ តាំងពីក្រោយថ្ងៃជ័យជម្នះ៧មករា រហូតដល់បច្ចុប្បន្ន ធ្វើឲ្យសាធារណៈ មតិជាតិ-អន្តរជាតិ មើលឃើញច្បាស់នូវគោលជំហរ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងឯកភាពជាតិ ការលើកស្ទួយប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការផ្សាភ្ជាប់រវាងអង្គការចាត់តាំងគណបក្ស និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ជាមួយប្រជាជន។
ឆ្លើយតបនឹងគុណបំណាច់នៃជ័យជម្នះ៧មករា តំណាងនៃសមាជិក-សមាជិកា នៃអង្គមិទ្ទិញបានធ្វើការប្តេជ្ញាចិត្តបង្កើនការអប់រំប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យបានដឹង និងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេងនៃជ័យជម្នះ៧មករា ដែលជាថ្ងៃកំណើតទី២របស់ប្រជាជនគ្រប់រូប និងពង្រីករាល់សមិទ្ធផលសង្គមជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើនជារៀងរហូត៕