(ព្រៃវែង)៖ ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច នាយឧត្តមសេនីយ៍ នេត សាវឿន បានស្នើឲ្យប្រធានក្រុមការងារចុះជួយឃុំទាំងអស់ ជំរុញប្រជាពលរដ្ឋឲ្យទៅពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ចៀសវាងមានការខុសដោយប្រការណាមួយ។
នៅក្នុងពិធីជួបប្រជុំជាមួយ គណៈអភិបាលស្រុក ប្រធានបក្សស្រុក យុវជនស្រុក មេបក្សឃុំ នៃស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា ក្រុមការងារទាំងអស់ត្រូវខិតខំជំរុញឲ្យប្រជាពលរដ្ឋ ពិសេសសមាជិកបក្សទៅពិនិត្យបញ្ជីឈ្មោះនៅឃុំ សង្កាត់ឲ្យបានគ្រប់ៗគ្នា ព្រោះថានៅសល់តែ៧ថ្ងៃទៀតប៉ុណ្ណោះ ការបិទបញ្ជីឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់។ ការដែលទៅពិនិត្យបញ្ជីឈ្មោះ គឺដើម្បីឲ្យប្រាកដថា បងប្អូនទាំងអស់មានឈ្មោះត្រឹមត្រូវដែលអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៨។
នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានដាក់ទិសដៅឲ្យក្រុមការងារទាំងអស់ជំរុញឲ្យប្រជាពលរដ្ឋ ពិសេសសមាជិកបក្សទៅពិនិត្យបញ្ជីឈ្មោះឲ្យបានឆាប់បំផុត និងចុះដល់ខ្នងផ្ទះដើម្បីពិនិត្យស្ថានភាពអ្នកពិការ ចាស់ជរា គ្មានមធ្យោបាយ ផ្ទះដាច់ស្រយាល អ្នកចំនាក់ស្រុក ដើម្បីមានវិធានការដោះស្រាយជូនពួកគាត់ ពិសេសត្រូវត្រៀមធ្វើសន្និបាតគណៈបក្សឃុំ។
សូមបញ្ជាក់ថា លទ្ធផលពិនិត្យឈ្មោះរយៈពេល ៤ថ្ងៃ គិតត្រឹមថ្ងៃទី៦ ខែមករា សម្រាប់ស្រុកស្វាយអន្ទរ បញ្ជីឈ្មោះរួមបណ្តោះអាសន្ន (គជប) មានចំនួន ៥៨៧៦៧នាក់ ស្រី ៣២៣៣៩នាក់ ក្នុងនោះសមាជិកបក្សមានចំនួន ៤៤២៣០នាក់ ស្តី២៥១៦០ ស្មើ ៧៥.២ភាគរយ នៃបញ្ជីរួម ហើយប្រជាពលរដ្ឋដែលបានទៅពិនិត្យឈ្មោះចំនួន ២១៦០៥នាក់ ស្មើ ៣៦.៨ភាគរយ ក្នុងនោះសមាជិកបក្សមានចំនួន ១៥៤៨៣នាក់ ស្មើ ៣៥ភាគរយ (ខុសទិន្ន័យ ២៣នាក់ និងស្ទួនឈ្មោះ ១០នាក់) បានដាក់ពាក្យបណ្តឹងរួច ២៣នាក់ និងស្ទួនលុបដោយស្វ័យប្រវត្តិ។ ដោយឡែកស្រុកកញ្រ្ជៀចវិញបញ្ជីឈ្មោះរួមបណ្តោះអាសន្ន (គជប) មានចំនួន ៣៧៤៧៦នាក់ ស្រី ២១០៧១នាក់ ក្នុងនោះសមាជិកបក្សមានចំនួន ២២៨៣១នាក់ ស្រី១៣៣២១នាក់ ស្មើ ៦០.៩ភាគរយ នៃបញ្ជីរួម ហើយប្រជាពលរដ្ឋដែលបានទៅពិនិត្យឈ្មោះចំនួន ១៧៥៧៣នាក់ ស្មើ ៤៦.៨ភាគរយ ក្នុងនោះសមាជិកបក្សមានចំនួន ១១២៨៥នាក់ ស្មើ ៤៩ភាគរយ (ខុសទិន្ន័យ ៦នាក់ “CCP ២នាក់” និងស្ទួនឈ្មោះ ៧នាក់) បានដាក់ពាក្យបណ្តឹងរួច “CCP ១នាក់” និងស្ទួនលុបដោយស្វ័យប្រវត្តិ ៕