(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា កម្ពុជានឹងប្រឆាំងដាច់ខាតចំពោះសកម្មភាពពីខាងក្រៅណាមួយ ដែលព្យាយាមកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាឱ្យធ្វើតាមខ្លួន ក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្តេចចាត់ទុកថា ទង្វើបែបនេះ គឺជាការបំពានលើគោលការណ៍ជាសកល និងអធិបតេយ្យរបស់ប្រទេសនីមួយៗ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងប្រឆាំងនឹងសកម្មភាពណាមួយពីខាងក្រៅ ដែលព្យាយាមដាក់ការកៀបសង្កត់មក លើរាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើតាមឆន្ទៈរបស់ខ្លួននៅក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលជាការជ្រៀតជ្រែកមកលើដែន សមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យមួយ បំពានលើគោលការណ៍ជាសកល»។
ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីរម្លឹកខួបលើកទី៣៨ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។
ប្រធានគណបក្សប្រជាជនកម្ពុជា បានបន្ថែមយ៉ាងដូច្នេះទៀតថា «កម្ពុជាមិនអាចទទួលយកការកៀបសង្កត់ ឬការជ្រែតជ្រែកណាមួយបានឡើយ ជាពិសេសការប៉ុនប៉ងពីខាងក្រៅដើម្បីធ្វើឱ្យមានការ ផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលប៉ុនប៉ងបែបនេះ បាននិងកំពុងបង្កជម្លោះផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្រ្គាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់រាប់សែនលាននាក់ យ៉ាងអយុត្តិធម៌បំផុត នៅក្នុងប្រទេសមួយចំនួនរកទីបញ្ចប់មិនឃើញ»។
សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាជាថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដោយព្រមព្រៀងឱ្យមានវត្តមានការិយាល័យអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងថ្មីនេះ ក៏បានដាក់បញ្ចូលនូវចំណុចថ្មីមួយ ដែលចែងថា អង្គការសហប្រជាជាតិ មិនលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ ការចុះកិច្ចព្រមព្រៀងដោយកំណត់ចំណុចថ្មីនេះ បានធ្វើឡើងបន្ទាប់ពីមានការ ព្រមានដកការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជា។
រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក ប្រាក់ សុខុន បានធ្វើលិខិតមួយច្បាប់ផ្ញើជូនលោក Zeid Ra'ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន សម្រេចលើ អនាគតនៃវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បើសិនជាភាគីទាំងពីរមិនមានកិច្ចព្រមព្រៀងបន្តទេនោះ៕