(ភ្នំពេញ)៖ សណ្ឋាគារ អូឬស្សី១ បានបើកសម្ភោធជាផ្លូវការហើយ នាយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេលសាងសង់ អស់រយៈពេលជាច្រើនខែ និងចំណាយទឹកប្រាក់វិនិយោគអស់ជាង២លានដុល្លារ។
សណ្ឋាគារ អូឬស្សី១ ជាសណ្ឋាគារមួយដែលមានទីតាំងល្អ ងាយស្រួលរក និងស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ គ្រប់បន្ទប់នៃសណ្ឋាគារមានបំពាក់នូវសម្ភារទំនើបៗ ប្រកបដោយផាសុកភាព និងផ្ដល់ជូននូវ អាងហែលទឹកលើដំបូល រួមជាមួយនឹងបរិយាកាសដ៏ល្អ រួមទាំងមានកន្លែងស្ទីម កន្លែងហាត់ប្រាណ រួមទាំងភោជនីយដ្ឋាន និង Sky Bar ផងដែរ។
លោក ប៊ុន ជា អគ្គនាយកនៃសណ្ឋាគារអូឬស្សី១ បានថ្លែងឲ្យដឹងថា «ប្រទេសកម្ពុជាយើងសព្វថ្ងៃ ជាប្រទេសកំពុងអភិវឌ្ឍន៍ដែល នាំឲ្យភ្ញៀវទេសចរ មកទស្សនាប្រទេសកម្ពុជាច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះខ្ញុំក៏សម្រេចសាងសង់ សណ្ឋាគារលំដាប់ខ្ពស់ និងស្ដង់ដារ ដើម្បីបំពេញសេចក្ដីត្រូវការភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺសណ្ឋាគារនេះ មានបន្ទប់ធំទូលាយ និងបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗទៀតផង»។
លោកបានបន្ដទៀតថា សណ្ឋាគារនេះ បានបោះទុនសាងសង់អស់ទឹកប្រាក់ជាង២លានដុល្លារ ដោយសារតែក្នុងសណ្ឋាគារ ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ដែលប្រកបដោយអនាម័យ សុវត្ថិភាព ហើយអ្វីដែលពិសេសជាងគេទៀតនោះ គឺសណ្ឋាគារនេះ បានផ្ដល់ឲ្យភ្ញៀវដូចជាផ្ទះទី២របស់ខ្លួន។
លោកបន្ថែមទៀតថា សណ្ឋាគារនេះមានចំនួន៦៣បន្ទប់ ក្នុងនោះក៏មានអាងហែលទឹក Sky Bar ស្ទីម និងក្លឹបហាត់ប្រាណ និងមានតម្លៃសមរម្យផងដែរ។
លោកបានបញ្ជាក់ទៀតថា «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ព្រោះថាសណ្ឋាគារនេះ ទើបតែបើកទេ ប៉ុន្ដែទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់ភ្ញៀវទេសចរបរទេស ហើយខ្ញុំសង្ឃឹមថា ភ្ញៀវទេសចរទាំងអស់នឹងគាំទ្រសណ្ឋាគារ»៕