(ភ្នំពេញ)៖ ស្របពេលដែលគណបក្សប្រជាជនកម្ពុជាធ្វើពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ យ៉ាងមហោឡារិកនៅទូទាំង ប្រទេស ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍អបអរសាទរថ្ងៃជ័យជម្នះនេះផងដែរ។
ស្ថានទូតអាមេរិក បានប្រកាសគាំទ្រដល់ចលនាតស៊ូរំដោះប្រទេស ហើយហៅថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃរំដោះប្រទេសចេញពីរបបប្រ ល័យពូជសាសន៍ខ្មែរក្រហម និងជាថ្ងៃផ្លាស់ប្តូរទំព័រប្រវត្តិសាស្រ្តឆ្ពោះទៅរកអនាគត ដ៏ភ្លឺស្វាងមួយសម្រាប់ប្រជាជនកម្ពុជា។
ស្ថានទូតអាមេរិកបានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនយ៉ាងដូច្នេះ «នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលជាការផ្លាស់ប្តូរនូវទំព័រប្រវត្តិសាស្ត្រ និង ជាការចាប់ផ្តើមនូវផ្លូវឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងមួយ សម្រាប់ជនកម្ពុជាទាំងអស់»។
ក្នុងឱកាសប្រារព្ធខួបជ័យជម្នះ ៧ មករា ក្រោមកម្លាំងតស៊ូរបស់វីរយុទ្ធជនខ្មែរក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា នេះ ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមសម្តែងការចងចាំជានិច្ច ចំពោះជនរងគ្រោះទាំងអស់នៃរបបខ្មែរក្រហម និងគាំទ្រជានិច្ចចំពោះការរក្សា និងលើកកម្ពស់សន្តិភាព ភាពរីកចម្រើន និងការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការលើកឡើងរបស់ស្ថានទូតអាមេរិក គឺបានផ្ទុយពីមេបក្សប្រឆាំងនៅកម្ពុជាកំពុងកំពុងសម្ងំគេចខ្លួន ពីសំណាញ់ច្បាប់នៅក្រៅប្រទេស។ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅតែបន្តមិនទទួលស្គាល់ថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបខ្មែរប្រល័យពូជសាសន៍។ មេដឹកនាំបក្សប្រឆាំង ដែលមិនបាហែលឆ្លងរបបដ៏ឃោរឃៅមួយនេះ នៅតែបន្តលើកឡើងថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃវៀតណាម ចូលឈ្លានពានប្រទេសកម្ពុជា៕