(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំដីឥដ្ឋ និងឃុំភូមិធំ ក្នុងស្រុកកៀនស្វាយ បានបញ្ជាក់ថា ក្រុមការងាររបស់គណបក្សប្រជាជនបានចុះមកជួបសំណេះសំណាលនៅពេលនេះ គឺដើម្បីស្វែងយល់ពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ មិនមែនចុះមកដើម្បីសន្យាហើយទុកចោលនោះទេ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃ០៧ ខែមករា ឆ្នាំ២០១៧ ដោយមានប្រជាពលរដ្ឋចូលរួមជិត៦០០នាក់។
លោកបានលើកឡើងថា ក្រុមការងាររបស់គណបក្សប្រជាជន ចុះជួយប្រជាជននៅតាមមូលដ្ឋាន បើជាមន្ត្រីរបស់គណបក្សប្រជាជនពិតប្រាកដ គឺបម្រើប្រជាជនយកចិត្តទុកដាក់ជាមួយប្រជាជន ដោះស្រាយសំណូមពរជូនប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយមិនរើសអើង ដែលយកចិត្តទុកដាក់ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេ រហូតទទួលបានសន្តិភាពពេញផ្ទៃប្រទេស។
លោកបានបន្តថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់អាជ្ញាធរ និងក្រុមការងារចុះជួយមូលដ្ឋាន បើប្រជាពលរដ្ឋមានបញ្ហាអ្វីនៅក្នុងគ្រួសារ សូមនិយាយឲ្យត្រង់ទៅត្រង់មក ដើម្បីឲ្យក្រុមការងាររបស់គណបក្សប្រជាជនបានដឹង និងដោះស្រាយជូន។
លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្តទៀតថា អនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងារ ត្រូវចុះតាមមូលដ្ឋាន ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ មិនឲ្យប្រជាពលរដ្ឋណាម្នាក់អត់អង្ករច្រកឆ្នាំងនោះឡើយ។ អ្វីដែលសំខាន់សូមលោកមេភូមិ-មេឃុំ ត្រូវចុះជាប់ជាប្រចាំ ក្តាប់ព័ត៌មានឲ្យបាន ហើយរាយការណ៍ពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានរំលឹកទិវាជ័យជម្នះ៧មករា ជាទិវាប្រវត្តិសាស្ត្រ មិនអាចបំភ្លេចបាន ដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍។ តាមរយៈជ័យជម្នះដ៏មានន័យនេះហើយ ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា។
ជាមួយនឹងសំណូមពរជាច្រើន ដូចជាខ្វះខាតថវិកាក្នុងការព្យាបាល, ខ្វះមធ្យោបាយជិះទៅសាលា, ខ្វះថវិកាសម្រាប់ទិញសម្ភារជួសជុលផ្ទះ ខ្វះបណ្តាញទឹកស្អាត, សុំផ្លូវបេតុងក្នុងភូមិ និងជួយរកដំណោះស្រាយ រវាងក្រុមហ៊ុនវឌ្ឍនៈព័ទ្ធយកដីប្រជាពលរដ្ឋ ត្រូវបានលោកប្រធានក្រុមការងារទទួលយកសំណើរទាំងនេះ ហើយនឹងដោះស្រាយជូន និងបានផ្តល់អំណោយក្នុង១គ្រួសារៗ ទទួលបានមី១កេះ ចំពោះស្ត្រីដែលឆ្លងទន្លេទទួលបានថវិកា ២០ម៉ឺនរៀល គ្រប់ក្រុមគ្រួសារទាំងអស់៕