(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងឲ្យដឹងថា ថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩ មកដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ ប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោករដ្ឋមន្រ្តី វង សូត បន្ថែមឲ្យដឹងទៀតថា បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងតែរីកចំរើនទៅមុខជាលំដាប់ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខដ៏ល្អ។ កម្ពុជាក្រោមថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩ បាននាំយកសន្តិភាព និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស។
លោក វង សូត ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងបែបនេះ ខណៈលោកអញ្ចើញបើកសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ អាណត្តិទី៣ (២០១២-២០១៧) របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទិសដៅអនុវត្តបន្ត (២០១៧-២០២២) និងបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនត្រូវឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការឃុំកក់ ខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីដដែលនោះ លោក វង សូត បានលើកឡើងថា ការជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងអណត្តិទី៤គឺជាការងារមួយ ដ៏មានសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការជ្រើសរើស យកតំណាងដែលខ្លួនពេញចិត្ត គឺការជ្រើសរើស ដោយខ្លួនឯង និងបោះឆ្នោតដោយខ្លួនឯង ដើម្បីបម្រើការផ្តល់សេវា និងអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានការរីកចម្រើន ។
លោក វង សូត បានលើកឡើងបន្តទៀតថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបោះឆ្នោត ដោយសេរី គ្មានអ្នកណាចាប់បង្ខំ ឬជម្រុញការបោះឆ្នោតឲ្យបុគ្គលណាមួយនោះឡើយ គឺប្រជាពលរដ្ឋមានសិទ្ធជ្រើសរើស យកក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីជម្រុញបម្រើសេវានៅក្នុងមូលដ្ឋានដោយខ្លួនឯង និងការសម្លឹងមើលអំពីជំហានរីក ចម្រើននៃការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ព្រោះប្រសិនមានការជ្រើសរើសខុស នឹងមិនគិតគូដល់ការអភិវឌ្ឍន៍នោះទេ ប្រជាពលរដ្ឋនឹងជួបនូវបញ្ហាជាមិនខាន ។
លោក វង សូត បានលើកឡើងថា ពាក់ព័ន្ធនឹងការបោះឆ្នោតក្រុមប្រឹក្សា-ឃុំសង្កាត់នេះ គណបក្សប្រជាជនគឺ បានយកចិត្តទុកដាក់បំផុត ដើម្បីពន្យល់ ការផ្តល់ជាប្រឹក្សាផ្សេងៗ ក្នុងការអនុវត្តន៍គោលនយោបាយ គឺបានផ្តោតយ៉ាង សំខាន់និងយកចិត្តទុកដាក់បំផុត លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការជម្រុញផ្តល់សេវានៅក្នុងមូលដ្ឋាន ជាពិសេសការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានពិតប្រាកដ។
ជាមួយគ្នានោះ លោក រដ្ឋមន្រ្តី វង សូត ក៏បានណែនាំឲ្យមន្រ្តីទាំងអស់ចុះជួយប្រជាពលរដ្ឋ តាមភូមិដើម្បីផ្ទៀងផ្ទាត់បញ្ចីចុះឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ នៅអំឡុងពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទុករយៈពេល១០ថ្ងៃ ដើម្បីពិនិត្យឲ្យបានដឹងច្បាស់ថា ប្រជាពលរដ្ឋពិតជាមានឈ្មោះបោះឆ្នោតត្រឹមត្រូវ៕