(ភ្នំពេញ)៖ លោក សៅ សុខា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង ប្រធានក្រុមការងារចុះជួយស្រុករមាសហែក នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីរំលឹកខួបអនុស្សារីយ៍លើកទី៣៨ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៧)។
ទិវាជ័យជម្នះ៧មករានេះ បានធ្វើឡើងនៅឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពី សមាជិក-សមាជិកាថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុក ឃុំ ភូមិ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ភូមិ ព្រមទាំងសមាជិក-សមាជិកា ប្រមាណ១,០០០នាក់។
ក្នុងឱកាសដ៏គគ្រឹកគគ្រេងនេះ លោក សៅ សុខា រួមជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ បានចូលរួមពិសានំបញ្ចុកសាមគ្គី យ៉ាងសប្បាយរីករាយមូរមី ប្រកបដោយទឹកមុខញញឹម បញ្ជាក់អំពីការអបអរសាទរទិវាជ័យជម្នះ៧មករា ដែលជាជ័យជម្នះប្រវត្តិសាស្រ្តរបស់ប្រជាពលរដ្ឋកម្ពុជា និងជាថ្ងៃកំណើតទី២ រួចផុតពីរបបប្រល័យពូជសាសន៍ ដ៏ខ្មៅងងឹតយង់ឃ្នងព្រៃផ្សៃ របស់ពួកខ្មែរក្រហមប៉ុលពត៕