(ពោធិ៍សាត់)៖ លោក ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់ បានរំលឹកថា ក្នុងរយៈពេល៣៨ឆ្នាំមកនេះ ផ្ដើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជាបាននឹងកំពុងឈានទៅមុខ តាមទិសដៅដ៏ត្រឹមត្រូវស្រប ទៅតាមបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនពីវាលពិឃាតតំបន់អសនិ្តសុខ ចម្ការមីនបានក្លាយ ជាតំបន់សន្តិភាព ជាតំបន់ទេសចរណ៍ដែល មានប្រជាប្រិយក្នុងអាស៊ីអាគ្នេយ៍ ហើយទទួលបានភ្ញៀវទេសចរររាប់ លាននាក់ក្នុងមួយឆ្នាំៗ។
ការលើកឡើងរបស់លោក ស៊ុយ សែម ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញប្រារព្ធមីទិ្ទញ រំលឹកខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៧) នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅខេត្តពោធិ៍សាត់។
លោក ស៊ុយ សែម បានថ្លែងថា ទិវាជ័យជម្នះ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាព នៃជ័យជម្នះរបស់កងទ័ពតស៊ូ ក្រោមការដឹកនាំដោយសម្ដេច ជា ស៊ីម សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពញាចក្រី ហេង សំរិន ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានសម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក។
លោកបានបញ្ជាក់ថា ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុងឧត្តមរបស់វីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានធ្វើការលះ បង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៌ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
ជាមួយគ្នានេះដែរ កម្ពុជាជាប្រទេសមួយ ដែលប្រកាន់ភ្ជាប់នូវគោលការណ៍ លិទ្ធប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការបោះឆ្នោតសរីត្រឹមត្រូវ និងយុត្តិធម៌ជាប្រទេសនិតិរដ្ឋ ជារដ្ឋអធិបតេយ្យ ដែលមានបូរណភាពទឹកដីពេញ លេញគោរពលើកតម្កើងសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស។
លោកបានបន្ថែមថា ស្មារតី៧មករា ស្ថិតក្នុងដួងចិត្តប្រជាពលរដ្ឋគ្រប់រូប ហើយឆ្នាំ២០១៧ ជាឆ្នាំទី៤នៃការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋភា។ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបាន ចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យបញ្ជីឈ្មោះដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទផ្សាយឱ្យទាន់ពេលវេលា ដើម្បីធានាសិទ្ធិក្នុងការបោះឆ្នោតរបស់បង ប្អូនក្នុងការជ្រើសរើសអ្នកដឹកនាំដែលដឹងសុខទុក្ខប្រជាពលរដ្ឋ៕