(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ លីអូ បានប្រារព្ធពិធីបរិច្ចាគជើងសិប្បនិម្មិតចំនួន១២០ ជូនមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ដើម្បីជួយដល់ជនពិការកម្ពុជា ដែលអញ្ជើញមកពី ខេត្តបាត់ដំបង និងខេត្តកណ្តាល ដែលក្រោមអធិបតីភាពរបស់ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យ សម្តេច តេជោ ហ៊ុនសែន និងលោក Darm Boontham តំណាងឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា។
លោក Kittinan Kunapermsiri នាយកគ្រប់គ្រងទីផ្សារប្រចាំតំបន់ របស់ក្រុមហ៊ុន Singha Asia បានថ្លែងថា យុទ្ធនាការជួយសង្គមរបស់ស្រាបៀរ លីអូ «ចែករំលែកក្តីស្រលាញ់ ជាមួយក្រវិលកំប៉ុងរបស់អ្នក» រួមសហការណ៍ជាមួយមូនិធិជើងសិប្បនិម្មិត និងមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានជួយដល់ជនពិការ តាមរយៈការប្រមូលក្រវិលកំប៉ុងដែលសារធារណៈជនទាំងអស់ បានបរិច្ចាគ នៅទូទាំងប្រទេស ដើម្បីផលិតជើងសិប្បនិម្មិត ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ មករានេះ។
លោកក៏បានថ្លែងអំណរគុណដល់ភាគីដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការណ៍ ដើម្បីឲ្យយុទ្ធនាការនេះ សម្រេចបានជោគជ័យ និងអរគុណដល់សាធារណៈជនទាំងអស់ដែលបានចូលរួម បរិច្ចាគក្រវិលកំប៉ុង។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល កម្ចាត់មីនកម្ពុជា CMAC បានឲ្យដឹងថា មូលនិធិផលិត ជើងសិន្បនិម្មិតប្រទេសថៃ ដែលផលិតជើងសិប្បនិម្មិត នៅទីបញ្ជាការមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាអស់រយៈពេល៥ថ្ងៃនេះ បានប្រគល់ជើងសិប្បនិម្មិត ជូនជនពិការកម្ពុជាជាង១២០នាក់ជាស្ថានពរហើយ ដែលពួកគាត់នឹងអាចមានលទ្ធភាព ក្នុងការកសាងជីវភាពងាយស្រួលក្នុងការដើរ និងប្រកបរបរចិញ្ចឹមជីវិត។
លោក Darm Boontham បានថ្លែងផងដែរថា ជើងសិប្បនិម្មិតបង្កើតឡើងនៅឆ្នាំ១៩៩២ ដោយព្រះរាជមាតារបស់ព្រះមហាក្សត្រថៃភូមិបុលអាប់ឌុលយ៉ាដេត និងបច្ចុប្បន្នព្រះអម្ចាស់ក្សត្រីចក្រីសិរិនថន ជាព្រះប្រធានកិត្តិយស ហើយមូលនិធិជើងសិប្បនិម្មិត ជាអង្គការមិនស្វែងរកប្រាក់ចំណេញនោះទេ គឺក្នុងគោលបំណងជួយកាត់បន្ថយទុក្ខវេទនារបស់ជនពិការក្រីក្រថៃ និងបណ្តាប្រទេសផ្សេងៗទៀត តាមរយៈការផ្តល់ជើងសិប្បនិម្មិត ដោយឥតគិតថ្លៃ និងជួយឱ្យជីវិតជនពិការ អាចប្រកបរបរចិញ្ចឹមជីវិត កាន់តែប្រសើរ។
ព្រមជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណដល់ មូលនិធិផលិតជើងសិន្បនិម្មិតប្រទេសថៃ និងក្រុមហ៊ុនស្រាបៀរលីអូ ដល់ការចូលរួមចំណែកជួយសម្រួលទុក្ខលំបាកដល់ជនពិការតាមរយៈជើងសិប្បនិម្មិតនេះ៕