(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលមូលដ្ឋាន បានចាប់ខ្លួនជនបរទេសចំនួន៤០នាក់ ក្នុងមានស្រី១៣នាក់ ស្មើនឹង៥សញ្ជាតិ ដែលពួកគេរស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ជនបរទេសទាំង៤០នាក់ ដែលត្រូវចាប់ខ្លួននោះរួមមាន៖
១៖ ជនជាតិ វៀតណាម ចំនួន៣៦នាក់ (ស្រី១៣នាក់)
២៖ ជនជាតិបេឡារ៉ូសម្នាក់
៣៖ ជនជាតិ សេរ៉ាឡេអូន ម្នាក់
៤៖ ជនជាតិ លីបេយ៉ាម្នាក់
៥៖ ជនជាតិ នីហ្សេរីយ៉ាម្នាក់
លោកឧត្តមសេនីយ៍ បានបន្តទៀតថា នៅសប្តាហ៍ទី១ នៃខែមករានេះ នាយកដ្ឋានក៏បានបណ្តេញជនបរទេសចំនួន៥៣នាក់ ស្រី១០នាក់ (នៅសល់ពីសប្តាហ៍មុន ចំនួន១៣នាក់) មាន០៥សញ្ជាតិខាងក្រោម៖
១៖ ជនជាតិវៀតណាម ចំនួន៤៦នាក់ស្រី១០នាក់
២៖ ជនជាតិកូឡុំមប៊ីម្នាក់
៣៖ ជនជាតិរុស្សី ០២នាក់
៤៖ ជនជាតិហ្វាំងឡង់ម្នាក់
៥៖ ជនជាតិកូរ៉េ ចំនួន០៣នាក់។
លោកបានបន្ថែមថា អំពីស្ថិតិជនបរទេស ដែលកំពុងរក្សាទុកនៅក្នុងកន្លែងត្រៀមបណ្តេញចេញមាន៖ មណ្ឌលភ្នំពេញចំនួន១៤នាក់ ស្រីចំនួន០៤នាក់ និងមណ្ឌលសៀមរាបចំនួន០២នាក់ សរុបចំនួន១៦នាក់ ក្នុងស្រី០៤នាក់ មាន៧សញ្ជាតិ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រោមបញ្ជាផ្ទាល់ពីនាយកឧត្តមសេនីយ៍ សុខ ផល កម្លាំងនគរបាលរបស់លោក នឹងបន្តប្រតិបត្តិការកាន់តែខ្លាំង លើការចុះត្រួតពិនិត្យ និងចាប់ខ្លួនជនបរទេស ដែលរស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា ហើយបញ្ជូនទៅកាន់ប្រទេសរបស់ពួកគេវិញ៕