(រីយ៉ូ)៖ អ្នកទោសយ៉ាងហោចណាស់ចំនួន៣៣នាក់បានបាត់បង់ជីវិត ក្រោយការប៉ះទង្គិចគ្នាថ្មីមួយផ្សេងទៀត រវាងក្រុមបងធំក្នុងពន្ធនាគារមួយកន្លែងនៅរដ្ឋ Roraima ក្នុងតំបន់ Amazon នៃប្រទេសប្រស៊ីល ហើយហេតុការណ៍នេះបានកើតឡើងត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទណ្ឌិតចំនួន៥៦នាក់បានស្លាប់នៅពន្ធនាគារមួយកន្លែងផ្សេងក្នុងរដ្ឋក្បែរខាង ដែលវាជាការសម្លាប់រង្គាលដ៏អាក្រក់ជាទីបំផុតនក្នុងពន្ធនាគារក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយមកនេះ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរប្រស៊ីល ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
ជុំវិញរឿងហេតុនេះអ្នកជំនាញជាច្រើនធ្លាប់បានទស្សន៍ទាយថា អំពើហិង្សានឹងបន្តផ្ទុះឡើងឥតឈប់ឈរទៀតនៅក្នុងបណ្តាញពន្ធនាគារ នៃប្រទេសប្រេស៊ីលដែលគ្រប់គ្រងដោយក្រុមបងធំ បន្ទាប់ពីមានការសម្លាប់យ៉ាងរង្គាលកាលពីដើមសប្តាហ៍នេះ ដែលពេលនោះសមាជិកនៃក្រុមរត់ពន្ធគ្រឿងញឿនម្ខាងបានសម្លាប់អ្នកទោសមកពីក្រុមឧក្រិដ្ឋជនម្ខាងទៀតដែលជាគូសត្រូវនឹងគ្នា។
គួរបញ្ជាក់ថា ក្រុមអង្គការឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់បានរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងប្រព័ន្ធពន្ធនាគាររបស់អាជ្ញាធរប្រេស៊ីល ដែលជារឿយៗតែងតែបណ្តែតបណ្ដោយឱ្យរឿងបែបនេះកើតឡើង៕