(ព្រៃងវែង)៖ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេសនេះ លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំបញ្ជាផ្ទាល់ ដើម្បីបើកប្រតិបត្តិបង្ក្រាបទូទាំងខេត្ត ជាក់ស្ដែងរយៈពេល៦ថ្ងៃនៃប្រតិបត្តិការនេះ កម្លាំងនគរបាលខេត្តព្រៃវែង បង្ក្រាបបានជនគ្រឿងញៀន១៣នាក់ ដកហូតបានថ្នាំញៀន១៩កញ្ចប់ និងវត្ថុតាងមួយចំនួន។
លោកឧត្តមសេនីយ៍ទោ ស្រេង ជា បានឲ្យដឹងថា នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះថា ក្នុងប្រតិបត្តិការរយៈពេល៦ថ្ងៃនេះ កម្លាំងជំនាញរបស់លោក បង្ក្រាបបាន៤ករណី ដោយក្នុងនោះឃាត់បានជនសង្ស័យ១៣នាក់ ដកហូតបានថ្នាំ១៩កញ្ចប់ ម៉ូតូ១គ្រឿង និងទូរស័ព្ទ៧គ្រឿង ព្រមទាំងលុយ សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនោះ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ។
បើតាមលោកស្នងការ ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងនគរបាលជំនាញបានធ្វើការអប់រំ ដល់ម្ចាស់អាជីវកម្មខារ៉ាអូខេ នៅស្រុកពារាំង៨លើក ស្មើនឹង៨ទីតាំង និងអប់រំដល់មុខសញ្ញាប្រើប្រាស់ចំនួន១០នាក់ ក្នុងនោះនារីខារ៉ាអូខេ៤នាក់។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំនគរបាលខេត្តព្រៃវែង បានផ្សព្វផ្សាយ និងអប់រំអំពីខ្លឹមសារ
ប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន១៦លើក ដល់មន្ត្រីនគរបាល និងសិស្សានុសិស្សមានអ្នកចូលរួមសរុប ៤,២៥៦នាក់ ស្រី២៩នាក់ ក្នុងនោះក្រុងព្រៃវែង ១លើក, ស្រុកពោរៀង ១លើក, ស្នងការដ្ឋាននគរបាលខេត្ត ១លើក, សាលាខេត្ត ១លើក, ស្រុកពោធិ៍រៀង ១លើក, ស្រុកពារាំង ១លើក, ស្រុកពាមជ ១លើក និងស្រុកកញ្ចៀច ៩លើក៕