(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកដ៏ធំនិងល្បីឈ្មោះ Northern Illinois University (NIU) បានសម្រេចចាប់ដៃគូជាមួយ សាកលវិទ្យាល័យនៅកម្ពុជា ដើម្បីផ្លាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យ រវាងសាកលវិទ្យាល័យទាំងពីរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃសុក្រនេះបានឱ្យដឹង ថាមានសាកលវិទ្យាល័យអាមេរិក Northern Illinois University (NIU) បានមកចាប់ដៃសហការជាមូយ AUPP លើភាពជាដៃគូអប់រំ សម្រាប់កម្មវិធីបំលាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យ រវាងសាកលវិទ្យាល័យទាំងពីរចាប់ពីឆ្នាំ ២០១៧ នេះតទៅ ។
យោងតាមកិច្ចព្រមព្រៀងនេះ និស្សិតដែលរៀននៅ AUPP អាចទៅសិក្សានៅសាកលវិទ្យាល័យ អាមេរិក Northern Illinois University សហរដ្ឋអាមេរិក សម្រាប់រយៈពេលមួយឬពីរឆមាសបានដោយងាយស្រួល ។
សាកលវិទ្យាល័យAUPP ត្រូវបានគេទទួលស្គាល់ថាជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេនៅកម្ពុជាលើផ្នែកគុណ ភាពអប់រំ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅកម្ពុជា ហើយនិស្សិតដែលរៀននៅ AUPP នឹងទទួលបាន សញ្ញាបត្រពីរ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ តាមរយៈការសិក្សាកម្មវិធីសិក្សាសញ្ញាបត្រទ្វេ (Dual Degree Programs)។ សញ្ញាបត្រមួយ ចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យដៃគូនៅ សហរដ្ឋអាមេរិក។
សាកលវិទ្យាល័យ Northern Illinois (NIU) ស្ថិតនៅរដ្ឋអ៊ីលីណយ (Illinois) ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែល មានការទទួលស្គាល់គុណភាពអប់រំពីភ្នាក់ងារវាយតម្លៃគុណភាពអប់រំថ្នាក់ឧត្តមសិក្សា (Higher Learning Commission) នៅសហរដ្ឋអាមេរិក។ NIU ជាប់ចំណាត់ថ្នាក់ទី ១២៥ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងទី ២២៥ ក្នុងចំណោមគ្រឹះស្ថានឧត្តម សិក្សាឯកជនរាប់ពាន់នៅសហរដ្ឋអាមេរិក។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទ ០២៣-៩៩០-០២៣/០១២-២៦៦-៦៣១ ឬចូលទៅកាន់ គេហទំព័រ www.aupp.edu.kh៕