Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ចាត់ឲ្យក្រុមការងារ ចុះវាស់វែងដី ត្រៀមចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ក្រោយរដ្ឋាភិបាលឲ្យ ឧកញ្ញ៉ា ឡោក ហ៊ួរ ប្រគល់ដីវិញ

06-01-2017 21:57

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់ឲ្យក្រុមការងារបច្ចេកទេស ចុះវាស់វែងប្រមូលទិន្នន័យ ដើម្បីចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នៅស្រុកកៀនស្វាយ ដែលមានវិវាទជាមួយ លោក ឡោក ហួ៊រ ហើយទើបត្រូវបានរាជរដ្ឋាភិបាល ដោះស្រាយរួចរាល់ ដោយសម្រេចឲ្យសមាជិកសភារូបនេះ កាត់ដីជូនប្រជាពលរដ្ឋវិញ។

យោងតាមលិខិតដែលផ្ញើជូន លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ដែលចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ​ការចុះវាស់វែងដីនេះ នឹងចាត់ផ្ដើមដំណើរការពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។ លិខិតដដែលបន្ថែមថា អភិបាលខេត្តកណ្ដាល ត្រូវចាត់ចែង តំបន់វិនិច្ឆ័យ បង្កើតគណៈកម្មការរដ្ឋបាល និងជូនដំណឹងឲ្យទូលំទូលាយ ដល់ប្រជាពលរដ្ឋម្ចាស់ដី និងអ្នកពាក់ព័ន្ធដើម្បីចូលរួមសហការតាមកាលបិរច្ឆេទ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើលិខិតផ្ញើជូនទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបង្ហាញពីលទ្ធផល នៃការស្រាវជ្រាវករណីវិវាទដីធ្លីប្រជាពលរដ្ឋ និងលោក ឡោក ហ៊ួរ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា លោក ឡោក ហ៊ួរ បានរំលោភដីប្រជាពលរដ្ឋជាច្រើនពាន់ហិកតា ហើយរាជរដ្ឋាភិបាលសម្រេចដកហូតដី ដែលលោក ឡោក ហ៊ួរ បានរំលោភដីពីប្រជាពលរដ្ឋចំនួន២៩៩៧,៩២ហិកតា ព្រមទាំងនិរាករណ៍ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២៩ប័ណ្ណ៕