(មណ្ឌលគិរី)៖ ផ្លូវជាតិលេខ៧៦ចាប់ពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋ អះអាងថា បច្ចុប្បន្នរងនូវការខូតខាតធ្ងន់ធ្ងរទៅៗ បង្កឡើងដោយសាររថយន្តយីឌុបធំៗ របស់អាជីវករក្នុងតំបន់នេះ ក៏ដូចជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន ទំនិញមួយចំនួនផ្ទុកលើសចំណុះដោយសេរី ហើយបញ្ហានេះអាចមានការបណ្តែតបណ្តោយពីមន្ទីរជំនាញ និងសមត្ថកិច្ចព្រមទាំងអាជ្ញាធរផងដែរ ហាក់បីដូចជាកំពុងមើលរំលងករណីដ៏រសើបមួយនេះ។
យ៉ាងណាក៏ដោយ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថានឹងកោះប្រជុំជាមួយមន្រ្តីពាក់ពន្ធលើរឿងនេះនាពេលឆាប់ៗ។
ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីការខូចខាតផ្លូវជាតិលេខ៧៦ ពីទីរួមខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់ស្រុកស្នួលខេត្តក្រចេះ ពេលនេះដងផ្លូវមួយនេះកំពុងឈានទៅរកការខូចខាតយ៉ាងដំណំ ដូចជាមានការស្រុត ប្រេះបែកទ្រូងផ្លូវស្ទើរគ្រប់កន្លែងបង្កឡើងដោយសារ ពួកថៅកែរថយន្តធំៗនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីដឹកទំនិញ គ្រឿងសំណង់ មានឥដ្ឋ ខ្សាច់ ដែក។ល។ ដឹកលើសចំណុះម៉ាសេរីចូលមកកាន់ខេត្តមួយនេះ ដោយគ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រីឯសមត្ថកិច្ចកងនគរបាលចរាចរណ៍ផ្លូវគោកអនុវត្តច្បាប់វិញហាក់បី ដូចជាមិនមានការអើពើនោះឡើយ។
បើតាមប្រជាពលរដ្ឋ សព្វថ្ងៃនេះ ក៏មានក្រុមហ៊ុនមួយចំនួនកំពុងធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញពីខេត្តមណ្ឌលគិរី ទៅកាន់ទីរួមខេត្តផ្សេងលើសចំណុះឆ្លងកាត់ដងផ្លូវមួយនេះយ៉ាងរលូនគ្មានសមត្ថកិច្ចឬមន្រ្តីជំនាញម្នាក់ ណាហ៊ានចេញចេញមុខ មកសួរនាំរឿងលើសចំណុះនោះឡើយ។
ក្រុមមហាជននៅខេត្តមណ្ឌលគិរីបានធ្វើការអំពាវនាវស្នើរឲ្យលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោករដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជួយស្រាវជ្រាវលើ បញ្ហានេះនិងចាត់វិធានការឲ្យបានធ្ងន់ធ្ងរដល់ក្រុមថៅកែរថយន្តធំៗនៅក្នងខេត្តនេះក៏ដូចជា បណ្តាក្រុមហ៊ុននានាដែលបានដឹកទំនិញចូលមកកាន់ខេត្តឬក៏ដឹកទំនិញចេញពីខេត្តនេះទៅកាន់បណ្តាខេត្តផ្សេងៗនាំគ្នាគោរពច្បាប់ទាំងឲ្យ បានត្រឹមត្រូវប្រយោជន៍ជួយថែរក្សាសម្បត្តិសាធារណ:របស់រដ្ឋ ឲ្យបាននៅគង់វង្សសម្រាប់ការធ្វើចរាចរណ៍របស់ពលរដ្ឋនិងបណ្តាអ្នកទេសចរណ៍។
ម៉្យាងវិញទៀតបងប្អូនប្រជាពលរដ្ឋបានលើកឡើងថា កុំដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួននាំគ្នាបំផ្លាញ សម្បត្តិរបស់ជាតិដោយស្រួលនោះទេ ព្រោះផ្លូវនេះរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការរាប់រយលានដុល្លារទម្រាំបានសាងសង់ផ្លូវមួយនេះ ហើយក្រុមអាជីវករឬបណ្តាក្រុមហ៊ុនដឹកទំនិញលើសចំណុះដែលធ្វើដងផ្លូវជាតិមួយនេះ ខ្ទេចខ្ទាំយ៉ាងនេះ ក៏មិនមែនពួកគេនោះចេញប្រាក់រាប់រយលានរៀលសាងសង់ផ្លូវនោះដែរ។
សូមជម្រាបថា កាលពីពេលមុនក្នុងអំឡុងឆ្នាំ ១៩៨៩.១៩៩០ ការធ្វើដំណើរពីខេត្តមណ្ឌលគិរីទៅកាន់បណ្តាខេត្តផ្សេងៗ និងរាជធានីភ្នំពេញអ្នកធ្វើដំណើរកាលណោះ គឺត្រូវប្រើរយៈពេល៤ទៅ៥ថ្ងៃតែសព្វថ្ងៃនេះ ការធ្វើដំណើរទៅកាន់ទីរួមខេត្តផ្សេងៗ ឬទៅកាន់រាជធានីភ្នំគឺត្រូវប្រើរយៈពេល តែ៥ទៅ៦ម៉ោងប៉ុណ្ណោះទាំងនេះ ក៏ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
ឆ្លើយតបនិងបញ្ហាខាងលើ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ឲ្យដឹងថា នៅក្នុងសប្តាហ៍ទីពីរ ខែមករា ឆ្នាំ២០១៧នេះ ខេត្តនិងកោះហៅមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ប្រជុំផ្សព្វផ្សាយ និងធ្វើរិតបណ្តឹងពីបញ្ហានេះហើយ។
លោក ម៉ៅ ធនារ័ក្ស ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីបានថ្លែងថា លោកពិតជាបានទទួលស្គាល់ថាដងផ្លូវនេះពិតជាមានការខូចខាត មែនហើយការដឹកជញ្ជូនក៏លោកពិតជាបានទទួលស្គាល់ថា មានការផ្ទុកទំនិញដឹកជញ្ជូនលើសចំណុះមែន ប៉ុន្តែដោយសារពិបាកធ្វើការចោទប្រកាន់គេព្រោះអត់ជញ្ជីង ហើយនៅពេលនេះ ខេត្តកំពុងដាក់សំណើរទៅកាន់ថ្នាក់លើហើយ៕