(ពោធិ៍សាត់)៖ ក្រោយអនុវត្តការងារពេញមួយឆ្នាំ តបតាមការណែនាំរបស់អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងដោយមានការចង្អុលបង្ហាញផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត នគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ បានចុះអប់រំ និងផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះថា នគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ បានទទួលប័ណ្ណសរសើរ ពីសម្ដេចក្រឡាហោម ស ខេង ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើន នៅឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ទោបានបន្តថា ការដែលទទួលបានប័ណ្ណសរសើរខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០២ ខែមករា កន្លងទៅថ្មីៗនេះ ក្នុងឱកាសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។
យោងរបាយការណ៍របស់ស្នងការនគរបាលខេត្តពោធិ៍សាត់ គិតចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កើតឡើង ២៣០លើក ថយចុះ ២៩លើក ស្នើនឹង១១% ស្លាប់មនុស្ស ៧៥នាក់ ថយចុះ ១១នាក់ ស្នើនឹង១២% នេះបើប្រៀបធៀបទៅនឹងរបាយការណ៍ឆ្នាំ២០១៥ ក្នុងរយៈពេលដូចគ្នា៕