(ពោធិ៍សាត់)៖ នៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ ក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ មានរៀបចំពិធីជប់លៀងពិសារបាយបាយសាមគ្គី ដើម្បីអបអរសាទរ ខួបលើកទី៣៨ ទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៧) ) ដោយមានការចូលរួមពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ សិប្បករ ពាណិជ្ជករ ប្រមាណ១៤០០នាក់ ដែលនេះជាគំនិចផ្តួចផ្តើម របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ថ្ងៃនេះជាថ្ងៃកំណើតទី២ គម្រប់ខួប៣៨ឆ្នាំ នៃមហាជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញបានទាន់ពេលវេលា។ ផ្អែកលើមូលដ្ឋានមហាជ័យជំនះនេះហើយ ទើបប្រជាជនកម្ពុជាទូទាំងប្រទេសមានអ្វីៗនៅថ្ងៃនេះ និងមានអនាគតប្រកបដោយក្តីសង្ឃឹម។
លោកបញ្ជាក់ថា «ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះវីរៈភាព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាញាណ និងលះបង់អាយុជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ពីរណ្តៅមរណៈក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងអភិវឌ្ឍ ប្រទេសឲ្យមានការរីកចំរើន ដូចសព្វថ្ងៃនេះ»។
ការជួបជុំគ្នានៅល្ងាចនេះ ក្នុងស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វបុរស វីរយុទ្ធជន យុទ្ធនារី ស្នេហាជាតិនៅគ្រប់ជំនាន់ ដែលបានពុះពារប្រយុទ្ធ ហ៊ានធ្វើពលិកម្មយ៉ាងក្លាហានអង់អាចបំផុត ដើម្បីការពារជាតិ មាតុភូមិ និងប្រជាជនឱ្យស្ថិតស្ថេរ គង់វង្សជារៀងរហូតមក៕