យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេសរយៈពេល៦ថ្ងៃដំបូង លទ្ធផល៖ បង្ក្រាប២២៦ករណី ឃាត់ខ្លួន៥៧០នាក់
06-01-2017 21:23
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់រយៈពេល៦ថ្ងៃដំបូង ពោលចាប់ពីថ្ងៃទី០១ ដក់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀន២២៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៥៧០នាក់ នេះបើយោងតាមលទ្ធផលផ្លូវការ នៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១ ដែលអង្គភាព Fresh News ទទួលបាន។
ក្នុងការបង្ក្រាបគ្រឿងញៀន រយៈពេល៦ថ្ងៃដំបូង មានករណីជួញដូរគ្រឿងញៀន១៤២ករណី ឃាត់ខ្លួន៣២៥នាក់ និងករណីប្រើប្រាស់គ្រឿងញៀន៨៤ករណី ឃាត់ខ្លួន៣២៥នាក់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕