(បាត់ដំបង)៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ លោក ឡោក ហួរ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ លោក កុល វីរក្ស ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកសង្កែ និង ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ អន្លង់វិល ឃុំរកា និងអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងប្រធានក្រុមការងារចុះជួយឃុំក្នុងស្រុកសង្កែទាំងអស់ បានប្រជុំប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសង្កែ ដល់ក្រុម ការងារគណៈ ពង្រឹង និងបេក្ខភាពឈរឈ្មោះ ក្រុមប្រឹក្សាឃុំ ដែលបានអញ្ជើញចូលរួម១៥៧ នាក់។
នៅក្នុងពិធីនេះដែរ ឡោក ហួរ ក៏បានធ្វើការបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជា ស្រុកសង្កែ ប្រចាំឆ្នាំ២០១៦ និងទិសដៅភារកិច្ចបន្ត។
លោកបានបន្ថែមថា នៅក្នុងរយៈពេល១ ឆ្នាំកន្លងមកនេះ លោក និងប្រធានក្រុមការងារចុះជួយតាមឃុំទាំងអស់នៅក្នុងស្រុកសង្កែ បានជួយ ការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនចុះសួរសុខទុក និងជួយដោះស្រាយបញ្ហា ប្រឈមផ្សេងៗជូនបងប្អូនដល់ខ្នងផ្ទះតែម្តង។
លោក ឡោក ហួរ ក៏បានណែនាំ ដល់ក្រុមការងារគណៈពង្រឹង និងក្រុមប្រឹក្សាឃុំទាំងអស់ជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចឲ្យទៅពិនិត្យផ្ទៀងផ្ទាត់មើលឈ្មោះ នៅតាមមណ្ឌលបោះឆ្នោតរបស់ខ្លួន។ ត្រូវមានសាមគ្គី ទំនាក់ទំនងល្អនឹងគ្នា ក្នុងការពង្រឹងស្មារតី ជំហរ សតិអារម្មណ៍នយោបាយ និងថែរក្សាសមាជិកបក្សដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ។ មន្ត្រីនៅ មូលដ្ឋានត្រូវកែប្រែឥរិយាបថ បម្រើរប្រជាពលរដ្ឋដោយស្មោះត្រង់ ត្រូវចេះដោះស្រាយបញ្ហាឲ្យទាន់ពេល វេលាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បន្តយកចិត្តទុកដាក់ការចុះដល់ខ្នងផ្ទះបងប្អូន ប្រជាពលរដ្ឋ និងចែកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ឲ្យបានទាន់ពេលវេលា៕