(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះ៤០គ្រួសារ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានប្រមូលគ្នាតវ៉ាសុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំ ជាពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងអំពើអយុត្តិធម៌មួយ បង្កដោយមន្រ្តីយោធាម្នាក់ ដែលក្អេងក្អាង កាងអំណាច រំលោភចូលដីចំណីផ្លូវ ២.៥ម៉ែត្រ បណ្ដាលឲ្យកាន់តែតូចចង្អៀត ពិបាកធ្វើដំណើរទៅមក ចូលទៅកាន់លំនៅដ្ឋានរបស់ពួកគាត់។
តំណាងប្រជាពលរដ្ឋលោក អ៊ូ សារី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រឿងហេតុដ៏គគ្លើននេះ កើតឡើងតាំងពីដើមឆ្នាំ២០១៤ មកម្ល៉េះ ដោយលោក មន្ត្រីយោធាស័ក្តិ៣ម្នាក់ ឈ្មោះ ចុន ផោះ បានរំលោភលយចូលដីចំណីផ្លូវរដ្ឋមួយ មានទីតាំងស្ថិតនៅក្រុមទី៦ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលកំពុងតែ តូចចង្អៀតស្រាប់នោះ រហូតដល់ទៅ ២.៥ម៉ែត្រ ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនានា ដែលអាស្រ័យនៅទីនោះ។
លោក អ៊ូ សារី បានបន្តថា ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរដែរ តែមិនទាន់ទទួលបានដំណោះស្រាយ ដោយបន្តអូសបន្លាយដល់ឆ្នាំ២០១៧នេះ ហើយប្រជាពលរដ្ឋដែលរងការប៉ះពាល់ទាំងនោះ បានកើនឡើងពី១៥គ្រួសារ រហូតដល់៤០គ្រួសារ តែសកម្មភាពរំលោភយកផ្លូវពី សំណាម់មន្ត្រីយោធា រូបនេះបានដដែល។
តំណាងប្រជាពលរដ្ឋរូបនេះ បានបន្តថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក កែវ សាម៉ុល នាយករដ្ឋបាលខណ្ឌសែនសុខ បានកោះអញ្ជើញតំណាងប្រជាពលរដ្ឋចំនួន ៦នាក់ ឱ្យទៅជួបលោក សាំង សុភក្តិវិចិត្រ ដែលជាអភិបាលរងខណ្ឌសែនសុខ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែលោក សាំង សុភក្តិវិចិត្រ មិនបានទៅជួបប្រជាពលរដ្ឋដូចកាលកំណត់ទេ បែរជាលើកពេលទៅម៉ោង២កន្លះ ឬម៉ោង៣ ថ្ងៃដដែលវិញ តែចុងបញ្ចប់គាត់ថា ជាប់រវល់ណាស់មិនអាចជួប ប្រជាពលរដ្ឋបាននោះទេ។
លោកស្រី សាន ឡៃហ៊ាង ភរិយាលោក ចុន ផោះ បានឆ្លើយតបថា កន្លងមកប្រជាពលរដ្ឋធ្លាប់បានប្តឹងលោកស្រី និងប្តីទៅសាលាសង្កាត់ រឿងរំលោភយកដីចំណីផ្លូវ នេះដែរ ហើយលោកស្រីបានសុំបាំងរបងតែពេលយប់ ពេលថ្ងៃបើកធម្មតា តែប្រជាពលរដ្ឋមិនព្រម និងប្តឹងទៅខណ្ឌទាមទារឱ្យលោកស្រីថយរបងទៅក្រោយ ១.៣ម៉ែត្រ លោកស្រីក៏បានព្រមដែរ។
លោកស្រី សាន ឡៃហ៊ាង បានបន្ថែមថា បើរដ្ឋត្រូវការពង្រីកផ្លូវត្រូវកាត់សំយ៉ាប ឬត្រូវចូលដីលោកស្រីនោះ គ្រួសារលោកស្រីស្ម័គ្រចិត្តឱ្យរដ្ឋធ្វើតាមច្បាប់ ហើយបើរដ្ឋចង់ពង្រីក សូមរដ្ឋពង្រីកទាំងអស់គ្នា មិនមែនមកពង្រីកតែចំណុចផ្ទះលោកស្រីនោះទេ។
លោកអភិបាលរងខណ្ឌ សាំង សុភក្តិវិចិត្រ បានប្រាប់អ្នកកាសែតថា លោកធ្លាប់បានកោះហៅពលរដ្ឋមកដោះស្រាយ កាលពីថ្ងៃទី២៨ វិច្ឆិកា នោះមែន ប៉ុន្តែការណាត់ជួបដោះស្រាយនោះ ត្រូវបានខកខាន ដោយសារលោករវល់ការងារ ចុះឈ្មោះបោះឆ្នោត ហើយលោកនឹងកោះហៅពលរដ្ឋមកដោះស្រាយបញ្ហានេះ ជាថ្មីទៀតក្នុងពេលឆាប់ៗនេះ។
ដោយអស់សង្ឃឹម ពលរដ្ឋបានសម្តែងការគោរពស្រលាញ់ និងស្នើដល់ សម្តេចតេជោ ហ៊ុន សែន មេត្តាជួយដោះស្រាយដល់កូនចៅជាប្រជាពលរដ្ឋ ឱ្យទទួលបានយុត្តិធម៌ ក្នុងរឿងនេះផង ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនេះ ប្រកបដោយសុវត្ថិភាព៕