(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ថូម៉ាស់ បាច់ នឹងចាត់បញ្ជូនតំណាងរបស់ខ្លួន នាំយកពានរង្វាន់ដ៏ពិសេសមួយទៀតប្រគល់ជូនដល់​សម្ដេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ ពានរង្វាន់ប្រធានអូឡាំពិកអន្តរជាតិ ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលខាងមុខនេះ ត្រូវបានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នេះគឺជាពានដ៏ពិសេសអស្ចារ្យ និងជាពានរង្វាន់ដ៏ខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

រដ្ឋមន្រ្តី ថោង ខុន បានអះអាងថា៖ នេះគឺជាកិត្តិយសប្រជាពលរដ្ឋខ្មែរ និងមហាគ្រួសារកីឡាជាតិ សង្គមជាតិកម្ពជាទាំងមូលពិតជាមានមោទនភាពបំផុតចំពោះ ពានរង្វាន់ដ៏ឧត្តុងឧត្តមនេះ និងសូមចូលរួមអបអរសាទរយ៉ាងក្រៃលែងបំផុតចំពោះពានរង្វាន់នេះ។ លោករដ្ឋមន្រ្តីបានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖

គណកម្មាធុការអូឡាំពិកអន្តរជាតិ បានតាមដាននិងស្គាល់ច្បាស់ អំពីសភាការណ៍ស្តារនិង អភិវឌ្ឍន៏វិស័យកីឡានៅកម្ពុជា ដែលបានចាប់ផ្តើមឡើងវិញ ពីគ្រូបង្វឹក និងកីឡាករល្បីៗដែលនៅសេសសល់តិចតួច ពីការកាប់សម្លាប់របស់ពួកប៉ុលពត។ ក្នុងបរិការនេះប្រសិនបើប្រទេសជាតិកម្ពុជាគ្មានសន្តិភាព ថ្នាក់ដឹកនាំគ្មានឆន្ទះ នយោបាយ មោះមុត វិស័យកីឡានៅកម្ពុជា មិនអាចរីកចំរើនដូចសព្វថ្ងៃបានឡើយ។

សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំគំរូ និងដ៏កម្រមួយដែលបានបូជាអស់កម្លាំង កាយ ចិត្ត ស្មារតីសំភារៈ ថវិកា ពេលវេលាយ៉ាងច្រើនដើម្បីបុព្វហេតុ កីឡា និងចលនាអូឡាំពិក។ ខ្លួនសម្តេចផ្ទាល់ក៏ចូលចិត្តស្វែងយល់ស្រាវជ្រាវ និងលេងកីឡា ហើយថែមទាំងមានផែនការ ហើយបានរៀបចំក្រុមកីឡាសំរាប់ចៅៗរបស់ សម្តេចទៀត។ សម្តេចបានជំរុញឲ្យមាន ការកែទម្រង់ក្នុងវិស័យកីឡា លើកតម្លើង ផ្តល់បា្រក់រង្វាន់ឲ្យបានច្រើនៗដល់កីឡាករជ័យលាភី។ មិនថាពេលវេលាមមាញឹក ឬយប់ថ្ងែ សូម្បីក្នុងពេលយប់ជ្រៅដល់ពេលសំរាក ហើយក៏ដោយ ក៏សម្តេចខិតខំចំណាយពេលវេលាអញ្ជើញចេញទៅទទួលកីឡាករ ដែលបានទទួលជ័យលាភី សំរាប់ប្រទេសជាតិ។

សម្តេចបានធ្វើការការវិនិយោគយ៉ាងច្រើនក្នងការកសាងហេដ្ឋារចនាសម្ពនកីឡាថ្មីៗទំនើប ដូចជា Indoor Stadium ពហុកីឡាដ្ឋានថ្មីមរតកតេជោដ៏ល្អឯក, ទីស្នាក់ការ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបានកំណត់ទទួលធ្វើជាម្ចាស់ផ្ទះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ល។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ ថ្មីៗនេះសម្តេចតេជោ និងភរិយាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ទាំងក្នងពិធីបើក និងបិទ នៃព្រិត្តិការការប្រកួតកីឡាជាតិលើកដំបូងដ៏អស្ចារ្យ នៅពហុកីឡាដ្ឋានអូឡាំពិកនាទីក្រុងភ្នំពេញ។ នៅពេលនោះលោក ស៊ា មៀង សមាជិក គណៈប្រត្តិបត្តិ នៃគណកម្មាធិការអូឡាំពិកអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមដែរនោះបាននិយាយថា អ្វីដែលយើងបានឃើញដ៏អស្ចារ្យនៅទីនេះ គីការចូលរួមគាំទ្រ ដ៏ច្រើនកុះកររបស់មហាជន ហើយពិសេសបំផុត គឹសម្តេចតេជោនាយករដ្ឋមន្ត្រី និងភរិយាបាន ទ្រនិងប្រគល់ភ្លើងគប់អូឡាំពិក ប្រកបដោយទឺកមុខញញឹម ស្រស់ថ្លាបំផុតដល់កីឡាករដែលបានបញ្ជាក់ថា នោះគឺជាការគាំទ្រលើកស្ទួយ វិស័យកីឡា និងចលនាអូឡាំពិកដ៏ជ្រះថ្លាឧត្តុងឧត្តមបំផុត។

ពានរង្វន់ប្រធាន គណកម្មាធិការ អូឡាំពិកអន្តរជាតិ ដែលនឺងផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាពានរង្វាន់ដ៏ខ្ពស់បំផុតរបស់គណកម្មាធិការអូឡាំពិកអន្តរជាតិ។ គណកម្មាធិការអូឡាំពិកអន្តរជាតិក៏មានកិត្តិយស ប្រជាពលរដ្ឋខ្មែរ និងមហាគ្រួសារកីឡាជាតិ សង្គមជាតិកម្ពជាទាំងមូល ពិតជាមានមោទនភាពបំផុតចំពោះពានរង្វាន់ដ៏ឧត្តុងឧត្តមនេះ៕